(ឧត្តរមានជ័យ)៖​ ប្រជាពលរដ្ឋ២នាក់ បានចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៣នាក់ថា បានចាប់វាយដំទៅលើពួកគាត់ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ ខណៈពួកគេកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមិនទាន់ដឹងមូលហេតុ។

អំពើហិង្សាខាងលើនេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិទល់មុខមណ្ឌលសុខភាពស្រុក ត្រពាំងប្រាសាទ ប៉ុន្តែរហូតមកដល់ថ្ងៃទី២០ ខែមេសា នេះជនរងគ្រោះទាំង២នាក់ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី​ ឈ្មោះ សន បូរ៉ា អាយុ២៥ឆ្នាំ ទី​២​ឈ្មោះ អឿន ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ អ្នកទាំង២ជាគូដណ្តឹងនិងគ្នា មានទីលំនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះបានចោទប្រកាន់​ ជាមន្ត្រី​អាវុធហត្ថ​ ជនបង្ករទាំង៣​ ទី១​ឈ្មោះ សោម សុផល ទី២​ ឈ្មោះ ហៀង សុភាព និងទី៣​ ឈ្មោះ លី អ្នកទាំង៣ជាមន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ។

តាមការរៀបរាប់ពីជនរងគ្រោះទាំង២ថា មុនពេលកើតហេតុ​រូបគាត់ទាំង២នាក់ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅផ្សារ មានទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បំពាក់សារ៉ែន និងមានស្លាក​សម្គាល់ជាស្ថាប័នកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ ជិះមកក្បែរ ហើយចុះវាយឲ្យរងរបួសបែកមុនមាត់តែម្តង ហើយក៏បើករថយន្តចេញទៅ។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើលោក គង់ តារា មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រសាទ បានឲ្យដឹងតាមទូរស័ព្ទថា រឿងនេះមិនបាច់ផ្សាយទេ ព្រោះរូបលោក ក៏មិនដឹងមូលហេតុច្បាស់លាស់ដែរ ដោយសារលោករវល់នៅក្រុងភ្នំពេញនៅឡើយ។

សូមបញ្ជាក់ថា​ ករណីខាងលើ ជនរងគ្រោះបាន​ដាក់ពក្យបណ្តឹងទៅកាន់អធិការដ្ឋាននគរបាល​ស្រុក ​ដើម្បីភាពយុត្តិធម៌ជូនខ្លួន​។

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចមានតួនាទីការពារ បង្ក្រាបបទល្មើស ហិង្សា និងអសន្តិសុខគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តែបែរជាមន្ត្រីអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ បង្ករអំពើហិង្សាតាមទីសាធារណៈលើប្រជាពលរដ្ឋទៅវិញ៕