(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចពិតជារីករាយ បន្ទាប់ពីបានឃើញប្រជាពលរដ្ឋខ្មែរ បានដើរលេងឆ្លងពីតខេត្តមួយទៅកាន់ខេត្តមួយយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបបញ្ចប់ទៅថ្មីៗនេះ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ភាពសប្បាយរីករាយនេះ បានកើតមានដោយសារកម្ពុជាមានសុខសន្តិភាព និងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជិត២ពាន់នាក់នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ខែមេសា ៤២ឆ្នាំមុន ជាពេលវេលាបនប្រល័យពូជសាសន៍ ប៉ុល ពត ឡើងកាន់កាប់ប្រទេសនោះ គឺជាពេលវេលាដ៏សែនវេទនា និងជាសោកនាដកម្មមួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវជម្លៀសចេញពីរាជធានីភ្នំពេញ។ សម្តេចតេជោថា ភាពវេទនា និងសោកនាដកម្មនៃភ្លើងសង្រ្គាម បានផ្តើមចេញពីការធ្វើរដ្ឋប្រហារដោយខុសច្បាប់ របស់លោកសេនាប្រមុខ លន់ នល់ និងបក្ខពួកទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ៤២ឆ្នាំមុន និង៤២ឆ្នាំក្រោយនេះ គឺមានការខុសគ្នាដាច់ស្រឡះ ពោល ៤២ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋខ្មែរបានធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយនៅទូទាំងប្រទេស។
ជាមួយនឹងភាពសប្បាយរីករាយ ដែលកំពុងកើតមានលើផ្ទៃប្រទេសកម្ពុជាក្រោមដំបូលសុខសន្តិភាពនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យខិតខំថែរក្សាសុខសន្តិភាព និងសមិទ្ធដែលកំពុងមាននាពេលបច្ចុប្បន្ន។
«សង្ឃឹមថា យើងទាំងអស់គ្នាខិតខំថែទាំនូវសន្តិភាព ខិតខំថែទាំងនូវសមិទ្ធផល ដែលយើងសម្រេចបានដោយលំបាក ដើម្បីធានាបាននូវការលូតលាស់របស់ប្រទេសយើង តទៅទៀត ក្នុងគោលដៅរក្សាកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ»។ នេះជាការថ្លែងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា សមិទ្ធផលដែលកម្ពុជាកំពុងទទួលបាន រួមទាំងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋនេះ គឺបានកើតចេញពីការដាក់ចេញនូវគោលនយោបាយផែនទីចង្អុលផ្លូវមួយដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍប្រទេស។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ព្រោះតែការដាក់ចេញគោលនយោបាយត្រឹមត្រូវនេះហើយ ធ្វើឲ្យកម្ពុជាកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាចេញពីខេត្តមួយ ឆ្ពោះទៅខេត្តមួយទៀត បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ ដោយមិនចាំបាច់ធ្វើដំណើរបកក្រោយនោះឡើយ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា នៅសល់តែផ្លូវមួយខ្សែទៀតប៉ុណ្ណោះ នឹងធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរបានជុំវិញផ្ទៃប្រទេសតែម្តង។ ផ្លូវមួយខ្សែនោះ គឺផ្លូវតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ភ្ជាប់ទៅថ្មដា ខេត្តពោធិ៍សាត់ ហើយឆ្ពោះទៅកាន់ខេត្តកោះកុង។
បើតាមសម្តេចផ្លូវមួយនេះ គឺបានសិក្សាគម្រោងរួចរាល់ និងដាក់ចូលក្នុងផែនការអភិវឌ្ឍន៍រួចរាល់ហើយ នៅខ្វះតែថវិកាប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានប្រជាពលរដ្ឋខ្មែរបានចេញទៅលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាសរុបជាង ៤លាននាក់ និងបានចំណាយថវិការហូតដល់ជាង ២០០លានដុល្លារអាមេរិក។
ដើម្បីញ៉ាំងឲ្យបរិយាកាសសប្បាយរីករាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រនាព្រឹកមិញនេះ ក៏បានអំពាវនាវឲ្យរៀបចំធ្វើកម្មវិធីសង្រ្កាន្តឲ្យបានគ្រប់ខេត្តនៅឆ្នាំក្រោយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ តែបានប្រឹងប្រែងថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋបង្កលក្ខណៈឲ្យពួកគាត់បានដើរលេងយ៉ាងសប្បាយរីករាយ៕
សូមស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖