(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់ នៅសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។

ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះ បានធ្វើឡើងនៅរយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃ១៨-១៩ ខែមេសា ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យ កំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន និងប្រើប្រាស់ថ្នាំពណ៌ផ្កាឈូក សម្រាប់ពង្រីកសុដន់ ស្ថិតក្នុងចំនុចផ្លូវកែង ចូលផ្ទះសំណាក់សុផល ភូមិត្រពាំងព្រីង សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលឃាត់ខ្លួនបានខាងលើនេះរួមមាន ទី១៖ ឈ្មោះ ឈឹម គ្រីស្នា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២៖ ឈ្មោះ ថា ភកិ្តត្រា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរនាក់នេះ ជាប្តីប្រពន្ធនិងគ្នា រស់នៅភូមិរាជានុកូល សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង ទី៣៖ ឈ្មោះ ណាង គីរ៉ា ភេទប្រុស អាយុជាង២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្ម ទី៤៖ ឈ្មោះ ឡូញ សុខា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ និងទី៥៖ ឈ្មោះ រ៉ន ទីម ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរស្រីបម្រើហាងខារ៉ាអូខេ អ្នកទាំងបីនាក់នេះ រស់នៅភូមិលើសង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង។

វត្ថុតាងដែលរឹបអូសបានរួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនចំនួន៦កញ្ជប់តូចធំទម្ងន់សរុប៦,២៤ក្រាម, ថ្នាំពង្រីកសុដន់៥ដបស្មើនិង៣០គ្រាប់ ម៉ូតូ២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀន២, ដាវសាម៉ូរ៉ៃ១ និងសម្ភារៈជក់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រីទាំង៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់ នៅរសៀលនេះ៕