(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិបានប្រមាណ៧៦៨លានដុល្លារ កើនឡើង៩២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។
នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ កិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។ លោកលើកឡើងថា សម្រាប់ខែមីនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ១,៦៦៨,១៧៦.៧៩ លានរៀល (ប្រមាណជា ៤១៧.០៤ លានដុល្លារ)។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៣,០៧៤ ពាន់លានរៀល (ប្រមាណជា ៧៦៨.៦២លានដុល្លារ) ស្មើនឹង ៤៤.៨០% នៃផែនការ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថា ការអនុវត្តប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ កើនទ្បើងចំនួន ១,៤៧៤.៨៤ ពាន់លានរៀល (ប្រមាណ ៣៦៨.៧១លានដុល្លារ) ឬស្មើនឹងអត្រាកំណើន ៩២.២០%»។
លោក គង់ វិបុល បន្ថែមថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនទ្បើងផងដែរនូវចំណូលពន្ធ-អាករ តាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗ មួយចំនួន ដូចជា៖ ពន្ធលើប្រាក់ចំណូលកើនទ្បើង ៤០.៦០%, ពន្ធលើប្រាក់បៀវត្សកើនទ្បើង ៤៩.៤០%, អាករលើតម្លៃបន្ថែម កើនទ្បើង ៨០.៧០%, និងអាករពិសេស កើនទ្បើង១៧.១២%។ ចំណែកឯចំណូលពន្ធ-អាករ តាមសកម្មភាពអាជីវកម្ម ក៏មានការកើនទ្បើងស្ទើរគ្រប់ប្រភេទអាជីវកម្មផងដែរ ពិសេសវិស័យផលិតយានយន្ត, វិស័យកសិកម្ម, វិស័យស្រាវជ្រាវ និងរុករករ៉ែ, វិស័យសិក្សាអប់រំ ។ល។
ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញនូវសេចក្តីសង្ឃឹមថា លទ្ធផលប្រមូលចំណូលពន្ធក្នុងឆ្នាំ២០១៧ នឹងទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត តាមរយៈការពិនិត្យមើលលើសន្ទុះ នៃការប្រមូលចំណូលពន្ធក្នុងត្រីមាសទី១ ឆ្នាំ២០១៧នេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការឲ្យ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ឲ្យបានតាមច្បាប់ ថវិកាដែលបានកំណត់ ដោយឆ្នាំ២០១៧នេះ ធ្វើយ៉ាងណាប្រមូលចំណូលពន្ធឲ្យបាន ក្នុងរង្វង់១,៧១៥លានដុល្លារ ហើយនៅឆ្នាំ២០១៨ មានផែនការប្រមូលចំណូលពន្ធឲ្យបាន ពី១,៩០០លានដុល្លារទៅ២,០០០លានដុល្លារ៕