(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា របាយការណ៍ និងឯកសារច្បាប់ពីពន្ធនាគារ ពាក់ព័ន្ធករណីលោក ជុន ច័ន្ទបុត្រ បានបញ្ជូនដល់ក្រសួងមហាផ្ទៃ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃនេះ ដើម្បីដាក់ជូនសម្តេចក្រឡាហោម ស ខេង ពិនិត្យ។
ព្រឹកមិញនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មុននឹងមានចំណាត់ការចំពោះ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ក្រសួងមហាផ្ទៃត្រូវពិនិត្យមើលរបាយការណ៍ និងឯកសារច្បាប់របស់នាយកដ្ឋានពន្ធនាគារជាមុនសិន មុននឹងមានវិធានការចំពោះករណីលោក លោក ជុន ច័ន្ទបុត្រ។
ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ នៅមុននេះថា លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បានសរសេរឈ្មោះរបស់ខ្លួនបន្លំសមត្ថកិច្ចពន្ធនាគារ ពីឈ្មោះផ្លូវការរបស់លោកទៅជាឈ្មោះ ហួត រុទ្ធិ ទើបធ្វើឱ្យឆ្មាំពន្ធនាគារមានការភាន់ច្រឡំ អនុញ្ញាតឱ្យ លោកចូលពន្ធនាគារ៕