(ភ្នំពេញ)៖ ដោយសំអាងថាខ្លួនជាអ្នកស្ថាបនាផ្លូវមួយខ្សែ ស្ថិតនៅក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពោលនៅក្នុងតំបន់ Cam-Ko Cityនោះ តំណាងក្រុមហ៊ុនបុរីអង្គរ បានព្យាយាមហាមឃាត់មិនឲ្យរថយន្ដធុនធំ ដឹកដី ដឹកខ្សាច់ បើកបរឆ្លងកាត់នោះឡើយ រហូតដល់ថ្នាក់ដាក់របាំងកាត់ទទឹងផ្លូវ ខាងលើទៀតផង។

ប៉ុន្តែសកម្មភាពប្រឈមមុខដាក់គ្នានេះ ត្រូវបានបំបែកវិញព្រោះលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ពេលដឹកនាំកម្លាំងចុះទៅទប់ស្កាត់ ទាន់ពេលវេលា ដោយលោកបានកោះហៅគូជម្លោះទាំងពីរ មកសម្របសម្រួលគ្នាតាមផ្លូវច្បាប់ ចៀសវាងការប្រឈមដាក់គ្នាដោយគ្មានមូលដ្ឋាន ច្បាស់លាស់ និងនាំឲ្យខាតប្រយោជន៍ទាំងសងខាង។

ការចុះទៅទប់ស្កាត់របស់អាជ្ញាធរខណ្ឌឫស្សីកែវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតលើកំណាត់ផ្លូវបេតុងមួយខ្សែខាងលើ ក្នុងពេលនោះ តំណាងក្រុមហ៊ុនបុរីអង្គរ បានលើកឡើងថា ខាងក្រុមហ៊ុនខ្លួនមិនអនុញ្ញាតឲ្យរថយន្ដធុនធំៗនេះ ឆ្លងកាត់ផ្លូវមួយ១ខ្សែនេះ តាំងពីថ្ងៃទី១២ ខែមេសា មកម្ល៉េះ ហើយនៅថ្ងៃទី២០ ខែមេសានេះ ក្រុមហ៊ុនខ្លួនបានដាក់របាំងកាត់ទទឹងផ្លូវសាធារណៈ ដើម្បីហាមឃាត់មិនឲ្យក្រុមហ៊ុនរថយន្ដធុនធំនេះ ឆ្លងកាត់ឡើយ ដោយសំអាងថា ក្រុមហ៊ុនខ្លួន ជាអ្នកស្ថាបនា និងថែទាំផ្លូវខាងលើ, អនុញ្ញាតឲ្យបានតែរថយន្ដដឹកដីធុនតូចប៉ុណ្ណោះ ដែលអាចដឹកជញ្ជូនដីឆ្លងកាត់ផ្លូវនេះបាន បើទោះបីក្រុមហ៊ុនដឹកជញ្ជូនដីខ្សាច់ខាងលើ មានច្បាប់អនុញ្ញាតពីសាលាខណ្ឌឫស្សីកែវក៏ដោយ ព្រោះខ្លាចខូចផ្លូវ។

ចំណែកខាងខាងរថយន្ដដឹកជញ្ជូនដី ដឹកខ្សាច់វិញ បានសំណូមពរទៅក្រុមហ៊ុនបុរីអង្គរថា ការដឹកជញ្ជូនដីខ្សាច់នេះ គឺមិនបានលើសចំណុះទេ តែបើក្នុងករណីកំពុងតែដឹកជញ្ជូនដីខ្សាច់ បណ្ដាលឲ្យមានបញ្ហាខូចផ្លូវ នោះខាងក្រុមហ៊ុនដឹកខ្សាច់ នឹងធានាជួសជុលផ្លូវជូនវិញ និងធានាមានទាំងរថយន្ដ សម្រាប់ស្រោចទឹកជាប្រចាំលើដងផ្លូវ មិនឲ្យមានការហុយទ្រលោម លើប្រជាពលរដ្ឋថែមទៀត។

ការលើកឡើងរបស់តំណាងក្រុមហ៊ុនបុរីអង្គរ និងការលើកឡើងរបស់ក្រុមហ៊ុនរថយន្ដដឹកជញ្ជូនខ្សាច់ ត្រូវបានលោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា ច្រានចោលទាំងស្រុង ហើយព្រមានធ្ងន់ៗថា «ចាប់ពីពេលនេះតទៅ បើខាងភាគីក្រុមហ៊ុនបុរីអង្គរ នៅតែបន្តហាមឃាត់ ឬចាប់រថយន្ដរបស់គេទៀត ប្រាកដជាមានវិធានការតាមផ្លូវច្បាប់មិនខាន ព្រោះជាផ្លូវសាធារណៈ បើទោះជាក្រុមហ៊ុនបុរីអង្គរ ជាអ្នកស្ថាបនា និងថែទាំផ្លូវនេះក៏ដោយ គួរតែជជែកគ្នាដោយសន្តិវិធី ឬក្នុងកិច្ចព្រមព្រៀងគ្នាណាមួយសមរម្យ រវាងភាគីទាំងពីរ»

លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ម្យ៉ាងក្រុមហ៊ុនរថយន្ដដឹកជញ្ជូនដីខ្សាច់ ថ្វីត្បិតតែមានច្បាប់អនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានក៏ពិតមែន តែចាំបាច់ត្រូវស្នើសុំធ្វើច្បាប់ឲ្យបានត្រឹមត្រូវ ពីសាលារាជធានីភ្នំពេញផង ហើយបើដឹកដី សូមកុំឲ្យលើសចំណុះ  មិនត្រូវបើកបរលឿនៗ និងត្រូវលាងសម្អាតទាំងកង់រថយន្ដ និងផ្លូវថ្នល់ឲ្យបានស្អាត ក្នុងការជួយថែរក្សាគ្នា ពិសេសត្រូវរកវិធីមកប្ដូរមតិយោបល់ ជាមួយភាគីក្រុមហ៊ុនបុរីអង្គរ ដើម្បីដោះស្រាយដោយធ្វើកិច្ចសន្យាឯកភាពគ្នាណាមួយ តាមលក្ខខណ្ឌដែលបានព្រមព្រៀង ក្នុងការបញ្ចប់រឿង និងកុំឲ្យខាតផលប្រយោជន៍របស់ភាគីទាំងពីរប៉ុណ្ណោះ៕