(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ នឹងបញ្ហាឧបទ្វីបកូរ៉េ មានការអត់ធ្មត់ឱ្យបានខ្ពស់បំផុត ហើយបើកការចរចាគ្នា ដើម្បីស្វែងរកសន្តិសុខ សុវត្ថិភាព នៅតំបន់នេះ។
ការអំពាវនារបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ស្របពេលដែលបញ្ហានៅឧបទ្វីបកូរ៉េ កំពុងតែឡើងកំដៅកាន់តែខ្លាំងឡើង ក្រោយពេលកូរ៉េខាងជើង ប្រកាសបាញ់មីស៊ីលរៀងរាល់សប្តាហ៍ ហើយអាមេរិកធ្វើសមយុទ្ធជាបន្តបន្ទាប់ជាមួយកូរ៉េខាងត្បូង ព្រមទាំងព្រមានវាយប្រហារកូរ៉េខាងជើងថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្រ្គាមមិនដែលចំណេញដល់ភាគីពាក់ព័ន្ធនោះទេ។ សង្រ្គាមនឹងនាំឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា ប៉ុន្តែទោះជាយ៉ាងណាសម្តេចមិនជឿថា សង្រ្គាមនៅឧបទ្វីបកូរ៉េ នឹងផ្ទុះឡើងដូចការព្រមានរបស់ភាគីពាក់ព័ន្ធនោះទេ។ សម្តេចបានប៉ាន់ប្រមាណថា លទ្ធភាពដែលនាំឱ្យកើតឡើងនូវសង្រ្គាមនៅឧបទ្វីបកូរ៉េ នៅកម្រិត ០,១ភាគរយប៉ុណ្ណោះ ចំណែកការដែលមិនមានសង្រ្គាមគឺមានរហូតដល់ ៩៩,៩៩ ឬលើសពីនេះទៀត។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «សម្រាប់បញ្ហានៅឧបទ្វីបកូរ៉េ យើងនៅតែបន្តអំពាវនាវឱ្យមានការអត់ធ្មត់ កុំប្រើប្រាស់កម្លាំង។ គ្មានអ្នកឈ្នះនោះទេ គឺមានតែអ្នកចាញ់ បើសិនជាសង្រ្គាមកូរ៉េផ្ទុះឡើង អ្នកចាញ់ពិតប្រាកដ គឺអ្នកជិតខាងតែម្តង»។
សម្តេចបានបន្ថែមទៀតថា «សង្ឃឹមថា នឹងស្វែងរកនូវវិធីសាស្រ្ត ដើម្បីសុវត្ថិភាពនៅឧបទ្វីបកូរ៉ តាមរយៈនៃការបើកការចរចា៦ភាគីឡើងវិញ ឬមធ្យោបាយណាផ្សេងទៀត ដែលជាមធ្យោបាយសន្តិវិធី»។ ទោះជាយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ឱ្យមានភាពស្ងប់ស្ងាត់ ហើយបន្តរស់នៅជាមួយប្រជាជនកូរ៉េ សាមគ្គីជាមួយប្រជាជនកូរ៉េ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖