(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឧបត្ថម្ភព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិ «Mount Bokor Challenge 2017» ដំបូងបង្អស់នៅកម្ពុជា ដែលនឹងត្រូវបានរៀបចំឡើងនៅភ្នំបូកគោ ខេត្តកំពត នៅថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០១៧។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុក១០០% ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ភេសជ្ជៈប៉ូវកម្លាំងWurkz និងទឹកផ្លែឈើ Joop។
ព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិនេះ បែងចែកជាបីដំណាក់កាល គឺការប្រកួតជិះឡើងចំណោតភ្នំ(King of the Mountain) ការប្រកួតកំណត់ថេរៈវេលាជាក្រុម(Team Time Trial) និងការប្រណាំង (Road Race) ហើយនឹងអាចទាក់ទាញកីឡាករប្រណាំងកង់មកពី១២ប្រទេសផ្សេងគ្នាប្រហែល៤៤០នាក់ ដែលក្នុងនោះក៏មានកីឡាករប្រណាំងកង់ជម្រើសជាតិពីតំបន់អាស៊ីអាគ្នេយ៍ប្រហែល៥០នាក់ និងកីឡាករប្រណាំងកង់កម្ពុជាប្រហែល១១០។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា «ក្រុមហ៊ុនចង់ចូលរួមលើកស្ទួយវិស័យកីឡា ហើយតាមរយៈកម្មវិធីអន្តរជាតិមួយនេះ យើងសង្ឃឹមថាភ្នំបូកគោរបស់កម្ពុជា នឹងក្លាយជាគោលដៅប្រណាំងកង់ល្បីឈ្មោះមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាចទាក់ទាញអ្នករៀបចំព្រិត្តិការណ៍ប្រណាំងកង់អន្តរជាតិផ្សេងៗទៀតមកមកទឹកដីខេត្តកំពតយើង»។
នេះមិនមែនជាលើកទីមួយរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសក្នុងការចូលរួមលើកស្ទួយវិស័យកីឡាកម្ពុជានោះទេ។ កន្លងមក ក្រុមហ៊ុនតែងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ដោយបានឧបត្ថម្ភការរៀបចំការប្រកួតកីឡាអុកខ្មែរ និងល្បុក្តតោនៅអង្គរសង្រ្កាន្ត ការប្រកួតកីឡានានានៅក្នុងបុណ្យទន្លេ និងបុណ្យសមុទ្រ និងការរៀបចំការប្រកួតកីឡាជាតិចំនួនបួនលើក នៅឆ្នាំ២០១៦ ២០១៨ ២០២០ និង ២០២២ ការប្រកួតជម្រុះឆ្ពោះទៅរកពានរង្វាន់បាល់ទាត់ពិភពលោក ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ និងការប្រកួតកីឡាគុនខ្មែរជាច្រើនជាទៀត៕