(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចរីភាព នឹងរៀបចំពិធីប្រកាសដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវសទ្ទានុក្រុមការប្រែប្រួលអាកាសធាតុ នៅសាលប្រជុំជាន់ទី៥ នៃទីស្ដីការក្រសួងបរិស្ថាន នៅវេលាម៉ោង ០២៖៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។
សេចក្ដីជូនដំណឹង របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចរីភាព បានបញ្ជាក់ឲ្យដឹងថា ពិធីខាងលើនេះ នឹងរៀបចំឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចរីភាព និងលោកបណ្ឌិត ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានសិក្សា និងស្ថាប័នស្រាវជ្រាវ សរុបប្រមាណ២០០នាក់។
សូមជម្រាបថា គោលបំណងសំខាន់នៃពិធីនេះ គឺដើម្បីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសទ្ទានុក្រម ការប្រែប្រួលអាកាសធាតុជាសៀវភៅ និងជាទម្រង់អេឡិចត្រូនិច សម្រាប់សាធារណជន និងអ្នកពាក់ព័ន្ធដែលកំពុងធ្វើ ក្នុងវិស័យប្រែប្រួលអាកាសធាតុ សម្រាប់ជាជំនួយដល់ការប្រើប្រាស់បច្ចេកសព្ទប្រកបដោយភាពត្រឹមត្រូវ សង្គតិភាព និងឯកភាព៕