(បន្ទាយមានជ័យ)៖ បើតាមរបាយការណ៍របស់ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅម៉ោង៤៖៣០នាទីទាបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ប្រេងឥន្ធនៈ ប៉ោ វណ្ណះ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុដោយមិនដឹងពីអ្នកបង្ក តែតាមបើតាមមើលសភាពសពជនរងគ្រោះ អាចបង្កដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ដែលបានបើកបុកជនរងគ្រោះ។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា នៅកន្លែងកើតហេតុមានបន្សល់ម៉ូតូ១ គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ:1K-5781 ជារបស់ជនរងគ្រោះ។ សពជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ អាយុប្រហែល២៧ឆ្នាំ។
លោកវរសេនីយ៍ត្រី ជា ដា បានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យសពរួច សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុក នៅវត្តរតនារាមផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូ (មានសភាពខូចខាតធ្ងន់ធ្ងរ) ត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុក នៅអធិការដ្ឋានក្រុងប៉ោយប៉ែត និងកំពុងស្រាវជ្រាវរកអ្នកបង្កដើម្បីចាត់ការតាមផ្លូវច្បាប់៕