(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។
ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសពិភពលោក ១គ្រឿង លើវិញ្ញាសាវាយទោលនារី ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក។
មុនឈានដល់ការដណ្ដើមបានមេដាយកម្រិតពិភពលោកនេះ កីឡាការិនី អ៊ុក ស្រីមុំ បានឆ្លងកាត់ការប្រកួតស្វិតស្វាញចំនួន៤ប្រកួត ក្នុងនោះបានយកឈ្នះ កីឡាការិនីស៊ុយអ៊ែត នៅវគ្គ ១៦នាក់ចុងក្រោយ មុនបន្ដយកឈ្នះកីឡាការិនីអេស្ប៉ាញ ត្រឹមវគ្គ ៨នាក់ចុងក្រោយ និងបន្ដទម្លាក់កីឡាការិនីជើងខ្លាំងបារាំង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប្រកួតឈ្នះកីឡាការិនីទុយនេស៊ី។
កីឡាការិនី អ៊ុក ស្រីមុំ គឺជាអ្នកដណ្តើមមេដាមាសពិភពលោកទី៤ សម្រាប់កម្ពុជា ខណៈមេដាយមាស ៣គ្រឿងមុន គឺដណ្ដើមបានដោយកីឡាការិនី កែ ឡេង ចំនួន ២លើក កាលពីឆ្នាំ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ មុនកីឡាករ សុខ ចាន់មាន ដណ្ដើមបានមេដាយមាសទី៣ ជូនជាតិ កាលពីឆ្នាំ២០១៦កន្លងទៅ នៅប្រទេសម៉ាដាហ្កាស្កា លើវិញ្ញាសាវាយទោសបុរស និងនារីដូចគ្នា។
សូមបញ្ជាក់ថា ដោយស្មារតីយកចិត្តទុកដាក់លើវិស័យកីឡានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងអនុញ្ញាតឲ្យកីឡាករ កីឡាការិនី ដណ្តើមបានមេដាយកម្រិតពិភពលោក ជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច នៅវិមានរាជរដ្ឋាភិបាល។ លើសពីនោះ នៅពេលកីឡាករ ឬកីឡាការិនីម្ចាស់មេដាយមាស កម្រិតពិភពលោកត្រឡប់មកដល់ប្រទេស សម្តេចនាយរដ្ឋមន្រ្តី បានកំណត់ឲ្យមានរៀបចំដង្ហែក្បួនរថយន្ត អមដោយម៉ូតូធំចំនួន១២គ្រឿង នៅក្នុងរាជធានីភ្នំពេញថែមទៀតផង៕