(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានជូនដំណឹងថា ទទួលបានសិក្ខាកាមចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលបន្ថែមលើវិស័យសារព័ត៌មាន សរុប ១៧៣នាក់ មកពីស្ថាប័នសារព័ត៌មានគ្រប់ផ្នែក ទូរទស្សន៍ វិទ្យុ កាសែត APP ព្រមទាំងមន្ត្រីមកពីបណ្តាក្រសួង មន្ទីរ គ្រឹះស្ថានឧត្តមសិក្សា សមាគម និងមកពីវិស័យឯកជន។
អាស្រ័យដោយចំនួនសិក្ខាកាមច្រើនលើសលប់ ស.ស.ស.ក បានសម្រេចរៀបចំការបណ្តុះបណ្តាលជា២វគ្គ៖ ដែលវគ្គទី១ ពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៧ មានសិក្ខាជាអ្នកសារព័ត៌មាន សរុប៩៦រូប។ វគ្គទី២ ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០១៧ មានសិក្ខាកាម៧៧រូប។ វគ្គបណ្តុះបណ្តាលនេះរៀបចំនៅទីស្នាក់ការកណ្តាល ស.ស.ស.ក មានអាសយដ្ឋានអាគារលេខ៣៦ ផ្លូវ២៤០ សង្កាត់ចតុមុខ រាជធានីភ្នំពេញ ដោយមានគ្រូឧទ្ទេសនាមជំនាញឯកទេសផ្សេងគ្នា១៥រូប។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គូសបញ្ជាក់ថា៖ មេរៀនពីវគ្គបណ្តុះបណ្តាលនេះ គឺរៀបចំក្នុងគោលបំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងជាមូលដ្ឋាន៤វិស័យគឺ៖ វិស័យសារព័ត៌មាន, ការដឹកនាំគ្រប់គ្រងការងារសារព័ត៌មាន, កិច្ចការអ្នកនាំពាក្យ, និងការងារបោះឆ្នោត។ ការរៀនសូត្រគឺគ្មានទីបំផុតទេ។ អ្នកចេះ និងអ្នកសារព័ត៌មានជើងចាស់បានចូលនិវត្តន៍ឬត្រូវបានតែងតាំងឲ្យធ្វើការងារផ្សេង។ អ្នកជំនាន់ក្រោយត្រូវបន្តបំពេញបន្ថែមចំណេះដឹង និងរៀនសូត្របទពិសោធន៍ពីអ្នកជំនាន់មុនដើម្បីបន្តវេន។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដដែលបានមានប្រសាសន៍ថា អ្នកសារព័ត៌មាន មានតួនាទីចាំបាច់ណាស់ក្នុងការរួមចំណែកលើកកម្ពស់គុណភាពការគិតរបស់សង្គម។ តួនាទីដ៏ពិសិដ្ឋនេះសម្រេចទៅបាន គឺផ្តើមចេញគឺការបំពេញតួនាទីដោយស្មោះត្រង់ ដោយការផ្តល់ព័ត៌មានពិត ដោយសីលធម៌ ដោយមិនបន្លំ និងដោយមិនបង្កប់ចេតនាបំពុលសង្គម។
ការចេះដឹងរបស់អ្នកសារព័ត៌មាន ព័ត៌មានកាន់តែល្អ កាន់តែពិស្តារ គ្រប់ទិដ្ឋភាព គឺជាមូលដ្ឋានសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សង្គម បន្ថយបានការយល់ច្រឡំ បង្រួមបញ្ហា និងឈានដល់ការរួមចំណែកលុបបំបាត់អំពើអសកម្មផងដែរ។ សង្គមដើរទៅមុខបានលឿន តាមរយៈការគិតវិជ្ជមានរបស់សង្គម ហើយនេះជាការរួមចំណែករបស់អ្នកសារព័ត៌មាន។
ការបិទវគ្គបណ្តុះបណ្តាលនិងការប្រគល់វិញ្ញាបនបត្រ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕