(ភ្នំពេញ)៖ លោកស្រី ដេបូរ៉ា កូមីនី ប្រធានអង្គការយូនីសហ្វេ (UNICEF) ប្រចាំនៅកម្ពុជា បានជំរុញឲ្យដៃគូអភិវឌ្ឍ និងម្ចាស់ជំនួយដទៃទៀតគាំទ្រ និងលើកកម្ពស់ការថែទាំកុមារ តាមគ្រួសារ និងតាមសហគមន៍ អាស្រ័យដោយកុមារភាគច្រើន យ៉ាងហោចណាស់មានឪពុក ឬម្តាយម្នាក់ ដែលរស់នៅជាមួយ។

ការលើកឡើងរបស់លោកស្រី ដេបូរ៉ា កូមីនី បានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ នូវបាយការណ៍ស្តីពីការកំណត់ ទីតាំងកន្លែងថែទាំកុមារ ក្នុងរាជធានីខេត្តទាំង២៥ នៃប្រទេសកម្ពុជា និងផែនការពង្រឹងការថែទាំកុមារ និងសមាហរណកម្មកុមារ ចំនួន៣០ភាគរយ ពីមណ្ឌលថែទាំកុមារ ទៅកាន់គ្រួសារប្រកបដោយសុវត្ថិភាពពីឆ្នាំ២០១៦ ទៅឆ្នាំ២០១៨ រៀបចំធ្វើនៅថ្ងៃទី២០​ ខែមេសា ឆ្នាំ២០១៧នេះ។

កម្មវិធី​ខាងលើ​នេះ ​រៀបចំ​ដោយ​ក្រសួង​សង្គមកិច្ច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អតីត​យុទ្ធជន ​និង​យុវ​នីតិសម្បទា ​សហការ ​និង​គាំទ្រ​ពី​អង្គការ​យូនី​សេ​ហ្វ​ ​ព្រមទាំង​មានការ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​បណ្តា​ក្រសួង ​ស្ថាប័ន​ពាក់ព័ន្ធ ​អង្គការ​ដៃគូ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ​ពាក់ព័ន្ធ​នានា​​ប្រមាណ​ជា៤០០នាក់​។

នៅក្នុងឱកាសនោះដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានឲ្យដឹងថា ក្រសួងសង្គមកិច្ច នឹងបញ្ចូល កន្លែងថែទាំកុមារ ទាំងនោះទៅក្នុងក្របខណ្ឌគ្រប់គ្រង និងត្រួតពិនិត្យរបស់ខ្លួន តាមរយៈការធ្វើ អធិការកិច្ចជារៀងរាល់ឆ្នាំ និងការធ្វើសមាហរណកម្មកុមារ ដែលអាចទុកដាក់ប្រកបដោយសុវត្ថិភាព ក្នុងគ្រួសារ និងសហគមន៍វិញ។

លោករដ្ឋមន្រ្តី បានបន្ថែមថា គោលនយោបាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីការថែទាំជំនួសចំពោះកុមារ (ឆ្នាំ២០០៦) បទដ្ឋានអប្បបរមាស្តីពីការថែទាំជំនួសចំពោះកុមារ (ឆ្នាំ២០០៨) និងអនុក្រឹត្យស្តីពីការគ្រប់មណ្ឌលថែទាំកុមារ (ឆ្នាំ២០១៥) ចែងយ៉ាងច្បាស់ថា ការថែទាំកុមារតាមគ្រួសារ និងតាមសហគមន៍គឺជាជម្រើសដ៏ល្អបំផុត។

លោក វង សូត បានបន្តថា ការថែទាំតាមមណ្ឌលគម្បីជាជម្រើសចុងក្រោយ និងគប្បីជាដំណោះស្រាយរយៈពេលខ្លី ហើយ គ្រួសាររបស់កុមារ គឺជាអ្នកដែលមានតួនាទីចម្បងក្នុងការការពារ និងថែទាំកុមារ។ លោកបានលើកឡើងទៀតថា ការកំណត់ ទីទាំងកន្លែងថែទាំកុមារនេះ ដើម្បីកសាងភស្តុតាងដែលបញ្ជាក់អំពីទីតាំង នៃកន្លែងថែទាំផ្សេងៗគ្នា ក៏ដូចជាចំនួនកុមារ ដែលកំពុងតែរស់នៅក្នុងកន្លែងទាំងនោះ។

បន្ថែម​ពីលើ​នេះ ​លោកស្រី ​ដេ​បូរ៉ា ​កូ​មីនី ​ប្រធាន​អង្គការ​យូ​នី​សហ្វេ​ប្រចាំ​នៅ​កម្ពុជា ​បាន​ឲ្យដឹង​ថា ​បន្ទាប់ពី​បញ្ចប់​ការ ​កំណត់​ទីតាំង​កន្លែង​ថែទាំ​កុមារ ​ដេល​កំពុងតែ​ប្រតិបត្តិ​នៅក្នុង​ប្រទេស​កម្ពុជា​រួម​មក ​ឥលូវ​នេះ ​ក្រសួង​សង្គមកិច្ច ​បាន​ទទួល​ព័ត៌មាន ​និង​ភស្តុតាង​កាន់តែ​ប្រសើរ​ជាង​មុន ​ដើម្បី​អនុវត្ត​ផែនការ​ពង្រឹង​ការថែទាំ​កុមារ ​និង​សមាហរណកម្ម ​កុមារ​ចំនួន៣០ភាគរយ ​ពី​មណ្ឌល​ថែទាំ​ទៅកាន់​គ្រួសារ​ប្រកបដោយ​សុវត្ថិភាព​ពីឆ្នាំ២០១៦ ​ទៅ​ឆ្នាំ២០១៨ ​ឬ​ទម្រង់​ដទៃទៀត​នៃ​ការថែទាំ​តាម​គ្រួសារ​ប្រប​ក​ដោយ​សុវត្ថិភាព​។

ប្រធានអង្គការយូនីសហ្វេប្រចាំនៅកម្ពុជារូបនេះ ក៏បានអំពាវនាវដល់គ្រប់បុគ្គលិកពាក់ព័ន្ធទាំងឡាយ ត្រូវអនុវត្តផែនការនេះ ដោយត្រូវធានាឲ្យបានគោលការណ៍នៃការមិនបង្កការឈឺចាប់ដល់កុមារ ត្រូវបានយកមកអនុវត្តសម្រាប់កុមារគ្រប់រូប។

គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ បានផ្តល់ទិន្នន័យថ្មីៗ អំពីស្ថានភាពនៃការទុកដាក់កុមារ ក្នុងកន្លែងថែទាំ និង បង្ហាញថា មពលថែទាំកុមារ ដែលកំពុងប្រតិបត្តិការ ក្នុងប្រទេសកម្ពុជា មានចំនួនច្រើនជាងតួលេខ ដែលបានធ្វើ អធិការកិច្ច ជាប្រចាំរបស់ក្រសួងសង្គមកិច្ច។

របាយការណ៍នៃការធ្វើអធិការកិច្ច ក្នុងឆ្នាំ២០១៥ បានបង្ហាញថា កុមារចំនួន១១.១៧១នាក់ បាននិងកំពុងរស់នៅ មណ្ឌលថែទាំកុមារ ចំនួន២៥៤មណ្ឌល បើប្រៀបធៀបទៅនឹង របាយការណ៍ស្តីពីការកំណត់ទីទាំងកន្លែងថែទាំកុមារ ដែលបានធ្វើឡើង ក្នុងឆ្នាំ២០១៥ដូចគ្នា បានបង្ហាញថា មានកុមារចំនួន ១៦.៥៧៩នាក់ បាននិងកំពុងរស់នៅ ក្នុងមណ្ឌលថែទាំកុមារ ចំនួន៤០៦មណ្ឌល នៅទូទាំងប្រទេស៕