(ភ្នំពេញ)៖ ឈ្មួញឈើឈ្មោះ វាសនា ផាន់ថានា ហៅស្នា និងគេស្គាល់ឈ្មោះ វាសនា ដែលត្រូវកម្លាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺចាប់ខ្លួនតាមដីកា របស់ចៅក្រមសើុបតុលាការខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នោះ ឥឡូវត្រូវបានមន្ត្រីអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅ អោយចៅក្រមកាន់សំណុំរឿង នៅរសៀលថ្ងៃនេះដើម្បីឃុំខ្លួន ជាបណ្ដោះអាសន្នហើយ។
លោកឧត្តមសេនីយ៏ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ Fresh News នៅវេលាម៉ោង២រសៀល ថ្ងៃនេះថា កម្លាំងរបស់លោកកំពុងរៀបចំបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ វាសនា ផាន់ថានា ហៅស្នា ខាងលើនេះទៅអោយ ចៅក្រមដើម្បីឃុំខ្លួនហើយ។
សូមបញ្ជាក់ថា ឈ្មោះវាសនា ផាន់ថានា ហៅស្នា និងគេអះអាងថាមានឈ្មោះមួយទៀត គឺឈ្មោះវាសនា នោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត កំពង់ស្ពឺចាប់ខ្លួនបាននៅក្នុងស្រុកឱរ៉ាល់ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា កន្លងទៅ យោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ១០៣\២០១៧ ចុះ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ចេញដោយ លោក សុឹង វុទ្ធី ចៅក្រមសើុបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ២១៩ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ពីបទដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិ និងប្រមូលផលអនុផលព្រៃឈើដោយគ្មាន លិខិតអនុញ្ញាតិប្រព្រឹត្តនៅភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ដោយបទល្មើសនេះ មានបញ្ញត្តិអោយផ្ដន្ទាទោសតាមមាត្រា៩៦និងមាត្រា៩៨ នៃច្បាប់ស្ដីពីព្រៃឈើ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ វាសនា ផាន់ថានា នេះ ត្រូវបានគេស្គាល់ថា ជាមេកាអោយឈ្មួញឈើឈ្មោះ សុី ស ជាឈ្មួញឈើដ៏ធំនៅក្នុងខេត្តកំពង់ស្ពឺ ហើយរូបគេជាអ្នកប្រមូលទិញឈើធំជាងគេ នៅក្នុងខេត្តពោធ៌សាត់ ដើម្បីដឹកយកមក អោយឈ្មួញឈ្មោះ សុី ស នាំយកទៅលក់ នៅប្រទេសវៀតណាម ដែលបច្ចុប្បន្ន ឈ្មោះសុី ស កំពុងរត់គេចខ្លួននៅឡើយ៕