(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិ ប៉ុស្ដិ៍លេខ៥ បានរៀបចំពិធីក្រុងពាលី នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដើម្បីចេញថតជាផ្លូវការ នូវភាពយន្តភាគរឿងថ្មីមួយទៀត មានចំណងជើងថា «ចម្ការម្លប់ស្នេហ៍» ដែលជាភាពយន្តបែបស្នេហាកាច់កុងគ្នា មានការចូលរួមសម្ដែង ដោយតារាល្បីៗ ជាច្រើននាក់។
ពិធីក្រុងពាលីនៅព្រឹកមិញនេះ មានការចូលរួមពីសំណាក់តារាល្បីៗ ដែលបានចូលរួមសម្ដែងក្នុងរឿង «ចម្ការម្លប់ស្នេហ៍» ,ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥, ផលិតករទាំងខ្មែរ និងថៃ ព្រមទាំងក្រុមការងារថតរឿង ជាច្រើននាក់។
លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងត្រួតពិនិត្យការផ្សាយ ប្រចាំក្នុងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិ ប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា ភាពយន្តភាគរឿង «ចម្ការម្លប់ស្នេហ៍» គឺអាចចាត់ទុកថា ជារឿងភាគបន្តពីរឿង «កូនក្រមុំលោកមេឃុំ» ដែលបានថតចប់រួចរាល់ និងកំពុងតែដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។ ជាការពិតរឿងនេះ លោកមិនលាក់លៀមទេ ពោលគឺយើងបានយកឆ្អឹងរឿង របស់ភាពយន្តថៃ ប៉ុន្តែយើងបានធ្វើការកែសម្រួល ស្ទើរតែទាំងស្រុង ឲ្យក្លាយជារបស់ខ្មែរ មានរបៀបរបបជាខ្មែរ ទាំងការនិយាយស្ដី កាយវិការ និងចំណុចជាច្រើនទៀត។
លោកបានបន្តទៀតថា រឿង«ចម្ការម្លប់ស្នេហ៍» មានចំនួន៣៣ភាគ ដោយត្រូវចំណាយពេលថតពី៣ទៅ៣ខែកន្លះ ជាពិសេសត្រូវរកទីតាំងណា ដែលមានទេសភាពស្អាតៗ មានចម្ការ ដំណាំផ្សេង ក្នុងនោះចម្ការឪឡឹក គឺជាកន្លែងដំបូងបំផុតដែលត្រូវជ្រើសរើស។ ភាពទាក់ទាញក្នុងរឿងនេះ គឺយើងចង់បង្ហាញពីសមិទ្ធផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងការរកស៊ីកាច់កុងគ្នា ពីសំណាក់ឈ្មួញមួយចំនួន ដែលបានចុះមកទិញកសិផល របស់កសិករ។
លោក ស៊ិន សុផាត បានបន្ថែមទៀតថា ចំណែកអ្នកដឹកនាំសម្ដែងក្នុងរឿង «ចម្ការម្លប់ស្នេហ៍» គឺមានទាំងផលិតករមកពីប្រទេសថៃ និងខ្មែរយើង ព្រោះដើម្បីធ្វើបែបណា ឲ្យសាច់រឿងមានលក្ខណៈជាខ្មែរ មានការទាក់ទាញ និងមានភាពរស់រវើក ប្រកបដោយគុណភាព។
សូមបញ្ជាក់ថា រឿង «ចម្ការម្លប់ស្នេហ៍» មានការចូលរួមសម្ដែងជាតួឯក ដោយកញ្ញា យ៉េម ស្រីពេជ្រ និងតួឯកប្រុស គឺលោក ជា លាងឈែ និងមានការចូលរួមសម្ដែង ពីសំណាក់តារាប្រុស-ស្រីជាច្រើនដួងទៀត៕