(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា បន្ទប់ជួលរបស់កម្មករនិយោជិត សិស្ស-និស្សិត ជាង២៥ម៉ឺនបន្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ទទួលបានអគ្គិសនី ប្រើប្រាស់ក្នុងតម្លៃថោក គឺ៦១០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «សេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា» នៅសណ្ឋាគារភ្នំពេញ លោករដ្ឋមន្រ្តីបាន លើកឡើងថា លក្ខខណ្ឌការងារត្រូវបានកែលម្អជាបន្តបន្ទាប់ ដូចជា បានដំឡើងកម្រិតអប្បបរមា នៃប្រាក់បៀវត្សន៍ជាប់ពន្ធ ឱ្យឡើងដល់ ១,០០០,០០០រៀល និងលើកលែងពន្ធលើអត្ថប្រយោជន៍បន្ថែម លើថ្លៃធ្វើដំណើរ ថ្លៃស្នាក់នៅ ប្រាក់ថ្លៃបាយ មូលនិធិបេឡាជាតិ របបសន្តិសុខសង្គម ប្រាក់ឧបត្ថម្ភទារក ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឱ្យធ្វើការ ចាប់ឆ្នាំ២០១៧ តទៅ។
លោកថ្លែងយ៉ាងដូច្នេះ «រដ្ឋបានតភ្ជាប់បណ្តាញអគ្គិសនីដោយតម្លៃថោក ជូនកម្មករនិយោជិត សិស្ស-និស្សិត តាមផ្ទះជួលនៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានជាង២៥០,០០០បន្ទប់ និងបានភ្ជាប់បណ្តាញទឹកស្អាតផងដែរ»។
លោក អ៊ិត សំហេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃ០១ ខែមករា ឆ្នាំ២០១៧ កម្ពុជាមានប្រាក់ឈ្នួលអប្បបរមា ខ្ពស់ជាងប្រទេសនាំចេញ ផលិតផលកាត់ដេរ និងផលិតស្បែកជើង ដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ដូចជា បង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាម ផងដែរ។
ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា តម្លៃប្រើប្រាស់អគ្គិសនី ក្នុង១គីឡូវ៉ាត់ម៉ោង៦១០រៀល៕