(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះថា ក្រសួងមហាផ្ទៃ កំពុងរង់ចាំរបាយការណ៍ និងឯកសារច្បាប់ពីពន្ធនាគារជាមុនសិន មុននឹងសម្រេចថាតើត្រូវមានចំណាត់ការចំពោះ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ឬយ៉ាងណាទៀត។ ខណៈមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា របាយការណ៍និងឯកសារច្បាប់ទាំងនោះ នឹងត្រូវបញ្ជូនដល់ក្រសួងមហាផ្ទៃ យ៉ាងយូរនៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី២០​ ខែមេសា។

ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ នៅមុននេះថា លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បានសរសេរឈ្មោះរបស់ខ្លួនបន្លំសមត្ថកិច្ចពន្ធនាគារ ពីឈ្មោះផ្លូវការរបស់លោកទៅជាឈ្មោះ ហួត រុទ្ធិ ទើបធ្វើឱ្យឆ្មាំពន្ធនាគារមានការភាន់ច្រឡំ អនុញ្ញាតឱ្យ លោកចូលពន្ធនាគារ។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា រហូតដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់ធ្វើការសម្រេចនៅឡើយទេ។ លោកចាត់ទុកថា ករណីនេះ គឺជាចេតនាបន្លំរបស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី និង លោក ជុន ច័ន្ទបុត្រ ដែលជាកំហុសសីលធម៌មួយ។

ជុំវិញករណីនេះ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា របាយការណ៍ និងឯកសារច្បាប់ ពាក់ព័ន្ធនឹងករណី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលក្នុងពន្ធនាគារ នឹងត្រូវបញ្ជូនដល់ក្រសួងមហាផ្ទៃ យ៉ាងយូរនៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានអះអាងថា លោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បានសរសេរឈ្មោះរបស់ខ្លួនបន្លំសមត្ថកិច្ចពន្ធនាគារពីឈ្មោះផ្លូវការរបស់លោក ហួត វុទ្ធី ទៅជាឈ្មោះ ហួត រុទ្ធិ។

ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានលើកឡើងថា ដំណើរការនីតិវិធីព្រហ្មទណ្ឌ នឹងត្រូវអនុវត្ត បើសិនជាសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយដើម្បីបានចូលក្នុងពន្ធនាគាររបស់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ កាលពីម្សិលមិញ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

ក្រោយមានករណីខាងលើនេះ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ។ នេះបើតាមការអះអាងរបស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៕