(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ា ឈឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រុញឲ្យមន្ត្រីនគរបាលទាំងចាស់ ទាំងថ្មីត្រូវខិតខំបំប៉នចំណេះដឹងផ្ទាល់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹង ការវិឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងសាកលលោក ក្នុងន័យធ្វើឲ្យការបំពេញភារកិច្ចរបស់អស់លោក លោក ស្រីទទួលបានជោគជ័យ។
នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះទៅក្នុងឱកាសបិនបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងការប្រកាសតាំងស៊ុបក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិិកម្ពុជានៅសាលានគរបាល ភូមិភាគ១ ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២០ ខែមេសា ដែលមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងមន្រ្តីជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ា ឈឿន បានថ្លែងបន្តថា «ពេលបច្ចុប្បន្ន នេះប្រទេសជាតិកំពុងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ យើងបាន និងកំពុងធ្វើ សមាហរណកម្មខ្លួនទៅក្នុងតំបន់ និងពិភពលោក។ ដូច្នេះកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវតែទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅក្នុងក្នុងសាលា ដែលស្ថិតក្នុងការ គ្រប់គ្រងរបស់ក្រសួងផង ហើយក្រៅពីនេះត្រូវតែរៀននៅក្រៅក្របខ័ណ្ឌសាលារដ្ឋបន្ថែម ទៀតទៅលើចំណេះដឹងទូទៅ ចំណេះដឹងខាងព័ត័មានវិទ្យា និងចំណេះដឹងខាងផ្នែកភាសា បរទេសជាដើម»។
នាយឧត្តមសេនីយ៍បណ្ឌិត បន្ថែមថា ពាក់ព័ន្ធទៅនឹងការងារបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ ក្នុងនាម នាយឧត្តមសេនីយ៍បណ្ឌិត ក៏បានជម្រុញឲ្យកងកម្លាំងនគរបាលថ្នាក់មូលដ្ឋានទាំងអស់ពង្រឹងការយកចិត្តទុកដាក់ចំពោះការងារការពារសន្តិសុខជូនគ្រប់គណបក្សនយោបាយ និងអ្នកបោះឆ្នោតក្នុងនាមយើងជាកងកម្លាំងអព្យាក្រិត្យ ដើម្បីឲ្យប្រាកដថាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងគ្មានការបំភិតបំភ័យ។
តាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន នាយកសាលានគរបាលភូមិភាគ១ ខេត្តស្ទឹង ត្រែង បានឲ្យដឹងថាសិស្សជានាយ និងនាយរងនគរបាលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល និងទទួលវិញ្ញាបនបត្រនាពេលនេះមានចំនួន១៩៧នាក់ នារីចំនួន៦១នាក់ ដោយសាលាបាន អនុវត្តន៍យ៉ាងត្រឹមត្រូវតាមគោលការណ៍នៃការបណ្តុះបណ្តាល របស់នាយកដ្ឋានបណ្តុះ
បណ្តាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងជួរកងកម្លាំងនគរបាលជាតិ៕