(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យពលករខ្មែរនៅកូរ៉េខាងត្បូង និងក្រុមគ្រួសាររបស់ពួកគេរក្សាភាពស្ងប់ស្ងាត់ និងកុំព្រួយបារម្ភចំពោះស្ថានភាពនៅឧបទ្វីបកូរ៉េ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់យ៉ាងមុតមាំថា លទ្ធភាពនៃការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ មិនអាចកើតឡើងនោះឡើយ។
ការថ្លែងផ្តល់ភាពកក់ក្តៅដល់ប្រជាពលករខ្មែរកំពុងធ្វើការងារនៅកូរ៉េខាងត្បូងនេះ បានធ្វើឡើងបន្ទាប់ពីមានការអត្ថាធិប្បាយ និង ការបង្ហាញក្តីព្រួយបារម្ភមួយចំនួនរបស់ពលករខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ ជុំវិញការកើនឡើងកម្តៅនៃជម្លោះនៅឧបទ្វីបកូរ៉េ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប ជិតពីរពាន់នាក់នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េមិនអាចកើតមាននោះឡើយ ព្រោះផលប៉ះពាល់ និងភាពខ្ទេចខ្ទាំនៃភ្លើងសង្រ្គាមនេះ គឺធំធេងណាស់ ដែលមិនត្រឹមតែកូរ៉េខាងជើងនោះទេ រួមទាំងកូរ៉េខាងត្បូង និងជប៉ុន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាដូច្នេះ «សង្ឃឹមថា បងប្អូនពលករ ពលការិនីធ្វើការនៅកូរ៉េស្ងប់ចិត្ត ហើយរស់នៅជាមួយប្រជាជនកូរ៉េ សាមគ្គីជាមួយប្រជាជនកូរ៉េ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ប្រសិនបើវាអាចកើតឡើង។ ប៉ុន្តែខ្ញុំអាចនិយាយបានថា សង្រ្គាមកូរ៉េលទ្ធភាពកើតមានត្រឹមកម្រិត ០.១ភាគរយ ៩៩.៩៩ភាគរយ លើស ៩៩ភាគរយហ្នឹងទៅទៀត វាអត់មានទេ ជឿខ្ញុំទៅ»។
ឆ្លើយតបការអត្ថាធិប្បាយមួយចំនួន ដែលចង់ឲ្យមានការជម្លៀសប្រជាពលពលករខ្មែរនៅកូរ៉េខាងត្បូងនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការជម្លៀសមិនមែនជាជម្រើសមួយដ៏ល្អនោះឡើយ ព្រោះការជម្លៀសមានតែធ្វើឡើងតាមផ្លូវទឹក និងផ្លូវអាកាសតែប៉ុណ្ណោះ មិនអាចធ្វើតាមផ្លូវគោកបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ការជម្លៀសនឹងធ្វើឲ្យខូចខាតធ្ងន់ធ្ងរ ពោលការងារជាង ៤ម៉ឺនកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវបានបាត់បង់ ហើយនឹងបង្កជាផលលំបាកក្នុងការស្វែងរកការងារពីប្រទេសកូរ៉េនាពេលក្រោយថែមទៀតផង ព្រោះទីផ្សារការងារនៅកូរ៉េមិនមែនងាយស្រួលឡើយ គឺមានការដណ្តើមគ្នាពីបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់តាមដាន និង គិតគូរយ៉ាងល្អិនល្អន់ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ដោយមិនបានទុកពលករខ្មែរឲ្យរងគ្រោះនោះឡើយ។
«ខ្ញុំសូមអំពាវនាវចំពោះពលករ ពលការិនីខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងមាតា បិតា អាណាព្យាបាល និង ក្រុមគ្រួសារពលករ ពលការិនី ដែលរស់នៅប្រទេសកូរ៉េ សូមកុំព្រួយបារម្ភ។ រាជរដ្ឋាភិបាលតាមដានជាប់ តាមរយៈស្ថានទូតរបស់ខ្លួន និងតំណាងរបស់ខ្លួននៅទៅនោះ។ ខ្ញុំបានបញ្ជាក់ថា អាជម្លៀស និងមិនជម្លៀស អាជម្លៀសខូចខាត់ធ្ងន់ណាស់ បានសេចក្តីថា ៤ម៉ឺនកន្លែងការងារត្រូវបាត់ទាំងអស់»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែម។
សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានរំលឹកថា ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្នមិនខុសពីឆ្នាំ២០១៤នោះទេ។ សម្តេចបញ្ជាក់ថា កាលពីឆ្នាំ២០១៤ កូរ៉េខាងជើង បានស្នើឲ្យកម្ពុជា រើស្ថានទូតចេញពីទីក្រុងព្យុងយ៉ាង ដើម្បីឆ្លើយតបបញ្ហានៅឧបទ្វីបកូរ៉េ តែសម្តេចមិនបានរើតាមការស្នើសុំនោះឡើយ ព្រោះសម្តេចបានមើលឃើញថា ស្ថានការណ៍នឹងមិនឈានដល់ការផ្ទុះសង្រ្គាមធ្ងន់ធ្ងរនោះឡើយ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយកំដៅនៃជម្លោះក្នុងឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសពីចំណាត់ការយោធា ទៅលើប្រទេសកូរ៉េខាងជើង ខណៈប្រធានាធិបតីវ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាសតបតជាមួយអាមេរិក ដោយគ្រាប់មីស៊ីលរបស់ខ្លួននោះ។
ឆ្លើយតបការកើនឡើងកម្តៅនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបងប្អូនគូជម្លោះកូរ៉េខាងត្បូង និងខាងជើង វិលរកតុចរចា៦ភាគី ហើយត្រូវប្រើគ្រប់មធ្យោបាយ ប្រកបដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ។
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖