(កណ្ដាល)៖ អនុវត្តន៍តាមយន្តកាដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងអាវុធហត្ថ ចេញបង្ក្រាបជនពាក់ព័ន្ធគ្រឿងញៀនបានជាបន្តបន្ទាប់ចំនួន៣នាក់ និងដកហូតថ្នាំញៀន២៨កញ្ចប់។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្តកណ្ដាល និងកម្លាំងអាវុធហត្ថខេត្តស្រុកស្អាង ដឹកនាំផ្ទាល់ដោយលោកវីរសេនីយ៍ទោ ពក សាង នាយរងសេនាធិការ បានចុះឆែកឆេរឃើញថ្នាំញៀនចំនួន ៥កញ្ចប់តូច រួមជាមួយជនសង្ស័យ ឈ្មោះ សុខ គ្រឿន បានសារភាពថា បានយកថ្នាំញៀនពី ឈ្មោះ ណែម ស៊ីថាវ បន្ទាប់មកកម្លាំងជំនាញបានឃាត់ខ្លួន ឈ្មោះ ណែម ស៊ីថាវ មានថ្នាំញៀនចំនួន ២កញ្ចប់តូច នៅក្នុងហោប៉ៅ។
ដោយទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នៅវេលាយប់បន្តិច កម្លាំងអាវុធហត្ថបានចុះឆែកឆេរលំនៅឋាន របស់ឈ្មោះ ណែម ស៊ីថាវ រកឃើញគ្រឿងញៀនចំនួន ២១កញ្ចប់តូច ប្រដាប់ប្រើប្រាស់ វិចខ្ចប់មួយចំនួន។
បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យទាំង២នាក់ខាងលើ បានទទួលទិញថ្នាំពីជនសង្ស័យឈ្មោះ រ៉ី រាជ្យ ហៅព្រីង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ រ៉ី រាជ្យ នោះ នៅចំណុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ាទឹកកកចំនួន ២៨កញ្ចប់តូច, ម៉ូតូចំនួន២គ្រឿង, ទូរសព្ទដៃចំនួន៣គ្រឿង។
ការងារនេះមានការសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕