(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ព្រមទាំងក្រុមគ្រួសារ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា មន្ត្រីរាជការក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានចូលរួមជាមួយ ភ្ញៀវទេសចរជាច្រើន រួមគ្នាលេងល្បែងប្រជាប្រិយខ្មែរ ក្នុងថ្ងៃបញ្ចប់នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង។
នៅថ្ងៃទី៣ ជាថ្ងៃវារឡើងស័ក និងជាថ្ងៃបញ្ចប់ នៃកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រឹស្តសករាជ ២០១៧ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលមានទីតាំងស្ថិតនៅឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរៀបចំពិធីសប្បាយៗជាច្រើន ក្រោមកិច្ចសហការរវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា មន្ទីរទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរ និងក្រុងពោធិ៍សាត់ផងដែរ។
លោក ម៉ៅ ធនិន ព្រមទាំងភ្ញៀវទេសចរ ដែលចូលរួមទាំងអស់ បានអុជធូប បំពាក់កម្រងផ្កា និងប្រោះព្រំសុគន្ធវារីលើផ្នូរ លោកឧកញ៉ា ឃ្លាំងមឿង និងជំទាវ ខាន់ ខៀវ ដើម្បីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងមានភ្លៀងធ្លាក់គ្រប់គ្រាន់ សម្រាប់កសិករធ្វើស្រែ ព្រមទាំង មានពិធីប្រគល់ស្មុកម្លូរបុរាណ ពិសានំ ចែកសម្លៀកបំពាក់ដល់ចាស់ៗ និងដើរប្រទក្សិណជុំវិញបូជនីយដ្ឋាន ដើម្បីធ្វើពិធី ផ្ដាច់គ្រោះ ឆ្នាំចាស់ឲ្យអស់ និងល្អគ្រប់ៗគ្នាសម្រាប់ឆ្នាំថ្មីនេះ។
ផ្លែឈើចម្រុះ ជាង១,០០០គីឡូក្រាម ដូចជា ក្រូច ម្នាស់ ប៉ោម ឆឺរី ល្មុត មៀន ស្វាយ ស្រកានាគ សាវម៉ាវ ទំពាំងបាយជូរ ភ្ញៀវជាដើម ត្រូវបានចែកជូនដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ដ បានហូបគ្រប់ៗគ្នា ដោយគ្មានប្រកាន់អ្នកនៅក្នុងស្រុក ឬមកពីទីណា នោះឡើយ។
ថ្ងៃថ្ងៃវារឡើងស័ក ពេលព្រឹកនិមន្ដព្រះសង្ឃឆ្លងភ្នំខ្សាច់ពេល ល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប ទៅតាមការនិយម នៃតំបន់ នីមួយៗ។ ពេលរសៀល គេនាំគ្នាទៅពូនភ្នំខ្សាច់ និងនិមន្តព្រះសង្ឃបង្សុកូល ដើម្បីបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធ អ្នកដែលបានស្លាប់។
បន្ទាប់មកមានលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត បង្ហោះគោម ស្រង់ទឹកព្រះពុទ្ធរូប និងព្រះសង្ឃព្រមទាំងប្រោះព្រំសុគន្ធវារី ដល់ គណៈអធិបតី និងអ្នកដែលទៅលេងកម្សាន្ដនៅទីនោះ ដើម្បីដេញគ្រោះចង្រៃឧបទ្រព្យ អកុសលកម្មទាំងឡាយក្នុងឆ្នាំចាស់ ឲ្យវៀងចៀសឆ្ងាយ ហើយនាំមកនូវសេចក្ដីសុខ និងលាភសំណាងគ្រប់ៗគ្នា។
គួររំលឹកថា បុណ្យចូលឆ្នាំថ្មី គឺជាបុណ្យប្រពៃណីជាតិមួយដ៏ធំ របស់ប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីបុណ្យកាន់ភ្ជុំបិណ្ឌ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលបានគោរពធ្វើឡើងជារៀងរាល់ឆ្នាំ តាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន តាំងពីដូនតាមក។
មានឯកសារជាច្រើនបានអះអាងថា កាលពីមុនជនជាតិខ្មែរយើងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មី នៅអំឡុងពេលបុណ្យចូលឆ្នាំសកលដែរ គឺនៅចុងខែធ្នូ។ ក្រោយមកបានប្ដូរមកធ្វើនៅខែមេសាវិញ ព្រោះជាពេលវេលាមួយ ដែលប្រជាពលរដ្ឋបានប្រមូលភោគផលរួចរាល់ ស័ក្កិសមនឹងពេលសប្បាយរីករាយ។
តាមការកត់សម្គាល់ឃើញថា ឆ្នាំនេះនៅខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរមកលេងកម្សាន្ដច្រើនជាង បណ្ដាឆ្នាំមុនៗ ពិសេសរមណីយដ្ឋាន ដែលមានទឹកងូត ដូចជា ទឹកធ្លាក់ច្រកល្អៀង នៅស្រុកក្រគរ ល្បាក់កំរោញ និងទំនប់ទឹកដំណាក់អំពិល នៅស្រុកភ្នំក្រវាញជាដើម ដែលទាំងនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋ មានហូបចុក គ្រប់គ្រាន់ និងផ្លូវងាយស្រួលធ្វើដំណើរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕