(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានថ្លែងឲ្យដឹងថា ប្រទេសជាតិយើងមានសុខសន្តិភាព ដូចសព្វថ្ងៃ គឺដោយសារមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ ហើយរាជរដ្ឋាភិបាលមិនសន្យាចោលនោះទេ អ្វីដែលរាជរដ្ឋាភិបាលធ្វើបានគឺធ្វើ និយាយយ៉ាងមេចគឺធ្វើអញ្ចឹង សូមបងប្អូនមិនត្រូវចោលភូមិចាស់នោះទេប្រយ័ត្នអត់ដូងហូប។
ការថ្លែងយ៉ាងដូច្នេះបានធ្វើឡើង ក្នុងឱកាសដែល លោក សុខ លូ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិថ្មីវត្តទួលព្រះស្រីសេរីរ័ត្ន (ហៅវត្តថ្មី) ស្ថិតនៅភូមិប្រដិត ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ ដែលមានការចូលរួមពីមន្ត្រីរាជការខេត្ត ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ តាជី យាយជី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៨០០នាក់ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។
ថ្លែងនៅក្នុងពិធីនេះ លោក សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។ លោកថា វិស័យព្រះពុទ្ធសាសនា ជាវិស័យមួយដ៏សំខាន់ក្នុងចំណោមវិស័យផ្សេងទៀត ដែលបានអប់រំមនុស្សឲ្យដើរផ្លូវល្អ ប្រព្រឹត្តអំពើល្អ។
លោកបានបន្ថែមទៀតថា «ចាប់ផ្តើមចេញពីខ្លួនយើង ទើបប្រទេសជាតិមានការរីកចម្រើន និងសុំឲ្យឪពុកម្តាយ ត្រូវធ្វើជាគំរូល្អដល់កូនៗរបស់ខ្លួន ក៏ដូចជាក្មេងៗដទៃទៀត និងត្រូវអប់រំកូនចៅជៀងឲ្យឆ្ងាយពីគ្រឿងញៀន ចេះគោរពចាស់ទុំ មានសីលធម៌វិជ្ជាជីវៈ»។
លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសន្តិភាព ឲ្យបានគង់វង្សយូរអង្វែកុំឲ្យជឿ ពាក្យញុះញ៉ង់ពីជនមួយចំនួន ។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចូលរួមបច្ច័យសម្រាប់កសាងចំនួន ៣,៤០០០,០០០ រៀល និងជូនយាយជី តាជី ១០០នាក់ នូវក្រណាត់សក្នុងម្នាក់១ដុំ ថវិកា ៥,០០០ រៀល និងសិស្សានុសិស្ស ៤០០នាក់ មានសៀភៅ ប៊ិច ខ្មៅដៃ ផងដែរ។
ជាមួយគ្នានេះ លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានអានរបាយការណ៍ស្តីពីការស្ថានភាពក្នុងស្រុក និងការរីកចម្រើនវិស័យព្រះពុទ្ធសាសនា ជាពិសេសគឺនៅវត្តទួលព្រះស្រី សេរីរ័ត្ន (ហៅវត្តថ្មី) ដែលថ្ងៃនេះ បានរៀបចំពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់កុដិថ្មថ្មីមួយ ខ្នងមានទំហំ១៨ ម៉ែត្រគុណ៨ម៉ែត្រ និងកំពស់១២ម៉ែត្រ ត្រូវចំណាយទឹកប្រាក់សម្រាប់ សាងសង់ចំនួន ២៩៨,៧៤៨,០០០រៀល ដែលជាអំណោយរបស់សប្បុរសជន និងពុទ្ធបរិស័ទ៕