(ភ្នំពេញ)៖ ម្ចាស់ឃ្លាំងលក់រថយន្តមួយកន្លែង មានយីហោធំឈ្មោះ «គិត សុខលី» បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដល់អតិថិជនចំនួន៣រូប មានទី១ ឈ្មោះ អ៊ិន សារាន់នី និងភរិយាឈ្មោះធូ សុភក្រ្ត័, ទី២ ឈ្មោះ ម៉ៅ ស៊ួយគង់ និងប្រពន្ធឈ្មោះ អ៊ិត ស្រីភឿន និងទី៣ឈ្មោះ អ៊ូ គង្គាពិជ័យ ដែលបានទិញរថយន្តពីសាខាឃ្លាំងរបស់ខ្លួន មានឈ្មោះ «រដ្ឋា និងធីតា» ដែលអតិថិជនទាំង៣រូបខាងលើនវ ខកខានមិនបានបង់ប្រាក់ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយសូមប្រញាប់រួសរាន់ចូលខ្លួន មកដោះស្រាយបំណុលដល់ម្ចាស់ឃ្លាំងលក់រថយន្តឲ្យបានចាប់រហ័ស បើពុំនោះទេ នឹងមានវិធានការតាមផ្លូវច្បាប់ជាមិនខាន ហើយក៏មិនមានការយោគយល់ទៀតដែរ។
ម្ចាស់ឃ្លាំងលក់រថយន្តអ្នកស្រី គិត សុខលី បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ លោក អ៊ិន សារាន់នី និងភរិយាឈ្មោះធូ សុភក្រ្ត័ មានទីលំនៅផ្ទះលេខ ៣២៧ ផ្លូវ៦៥៦ ក្រុមទី៤ សង្កាត់និរោធ ខណ្ឌមានជ័យ (សព្វថ្ងៃខណ្ឌច្បារអំពៅ) រាជធានីភ្នំពេញ បានទិញរថយន្តម៉ាក LEXUS 470 ពណ៌ស ស៊េរីឆ្នាំ២០០១ មួយគ្រឿង ដោយបង់រំលោះ ក្នុងអត្រាការប្រាក់៣% ដោយសន្យាបង់រំលោះ១ខែចំនួន ៥០០ដុល្លារ រហូតទាល់តែគ្រប់ចំនួន។ ប៉ុន្តែបង់បានតែ៥ខែ មានប្រាក់សរុបត្រឹមតែ៦៤០០ដុល្លារ ក៏ឈប់បង់ ហើយព្យាយាមគេខ្លួនរហូត។
អ្នកស្រីម្ចាស់ទីតាំងលក់រថយន្តដដែល បានប្រាប់ទៀតថា ចំណែកលោក ម៉ៅ ស៊ួយគង់ និងប្រពន្ធឈ្មោះ អ៊ិត ស្រីភឿន រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ក៏បានទិញរថយន្តម៉ាកតូយូតា ហាយឡេនឌ័រ ពណ៌មាស ស៊េរីឆ្នាំ២០០៣ ប៉ុន្តែបង់មុន៤០០០ដុល្លារ និងសន្យាបង់រំលោះ ក្នុង១ខែ ចំនួន៦០០ដុល្លារ រហូតទាល់តែអស់ និងមានអត្រាការប្រាក់១,៣% ក្នុង១ខែ ប៉ុន្តែបង់បានតែ៩ខែ ក៏លែងបង់ ហើយគេចខ្លួនរហូត។
ចំណែកអតិថិជនម្នាក់ទៀតឈ្មោះ អ៊ូ គង្គាពិជ័យ អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានទិញរថយន្តម៉ាកLEXUS 470 ស៊េរី ឆ្នាំ២០០៣ ដោយបង់រំលោះក្នុងអត្រាការប្រាក់១,៧% ប៉ុន្តែអតិថិជនរូបនេះ បង់លុយតាមកិច្ចសន្យាបានតែប៉ុន្មានខែប៉ុណ្ណោះ ក៏លែងបង់រហូតមកដល់សព្វថ្ងៃ។
អ្នកស្រីក៏បានបញ្ជាក់ទៀតថា នេះជាការជូនដំណឹងចុងក្រោយ ហើយបើភាគីអ្នកទិញបង់រំលោះរថយន្ត ទាំង៣ខាងលើ មិនចូលខ្លួនមកដោះស្រាយនោះទេ អ្នកស្រី នឹងដាក់ពាក្យបណ្តឹង ទៅតាមច្បាប់ ហើយក៏មិនទទួលខុសត្រូវទៅលើការលក់ ជួល បញ្ចាំ ចំពោះរថយន្តទាំង៣គ្រឿងខាងលើដែរ ព្រោះតែមិនទាន់បានបង់ប្រាក់គ្រប់ចំនួន ខណៈឯកសារផ្សេងៗ ក៏នៅលើដៃអ្នកស្រីផងដែរ។
សូមបញ្ជាក់ថា ឃ្លាំងលក់រថយន្តមួយកន្លែង មានយីហោឈ្មោះ «គិត សុខលី» មានទីតាំងផ្ទះលេខ១៣ អឺស៊េរ៉ូ ផ្លូវ១៣៤ វិថីទេពផន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការលើកឡើង ចោទប្រកាន់របស់ម្ចាស់ហាងលក់រថយន្តខាងលើនេះ នេះដែរ Fresh News មិនអាចទំនាក់ទំនងសុំការបកស្រាយ ពីសំណាក់អ្នកទិញទាំង៣ ដែលរងការចោទប្រកាន់បាននោះទេ ដោយម្នាក់ៗទូរសព្ទចូល តែគ្មានអ្នកទទួល និងខ្លះទៀតបានបិទទូរស័ព្ទ៕