(ភ្នំពេញ)៖ ក្នុងន័យចង់បណ្តុះពុទ្ធិដល់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនឲ្យស្រឡាញ់សន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យជឿនលឿនកាន់តែខ្លាំងក្លានោះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានសរសេរនូវទស្សនៈរបស់ខ្លួន ដោយលើកយកនូវគំរូដឹកនាំប្រទេស របស់គណបក្សកាន់អំណាចយូរឆ្នាំ នៃប្រទេសសិង្ហបុរី ម៉ាឡេស៉ី និងជប៉ុន ដែលបានធ្វើឲ្យប្រទេសទាំងនេះ ក្លាយជាប្រទេសអភិវឌ្ឍន៍ខ្លាំង និងមានសេដ្ឋកិច្ចលូតលាស់ខ្លាំងដូចបច្ចុប្បន្ន។

លោក ហេង រតនា បានលើកឡើងថា «គណបក្សតែមួយកាន់អំណាចយូរឆ្នាំ​ គ្មានមូលដ្ឋានណាថានាំប្រទេស និងជាតិសាសន៍ខ្លួន ដើរទៅរកឋាននរក និងសោកនាដកម្មនោះទេ​។ ផ្ទុយទៅវិញបានដឹកនាំប្រទេស និងប្រជាជន​ នាំមកនូវការរីកចំរើន និងអភិវឌ្ឍន៍ដ៍អស្ចារ្យ​ សំរាប់សង្គមជាតិរបស់ខ្លួន»

អគ្គនាយកស៉ីម៉ាក់រូបនេះបានសរសេរយ៉ាងដូច្នេះថា៖

តើគណបក្សតែមួយកាន់អំណាចយូរឆ្នាំ​ តាមគោលការណ៍ប្រជាធិបតេយ្យ ជាការបង្កើតរបបផ្តាច់ការ នឹងធ្វើឲ្យប្រទេសនិងប្រជាជនកាន់តែក្រទៅៗ​ បាត់បង់យុតិ្តធម៌សង្គម​ បំផ្លាញភាពរុងរឿង និងបង្កើតតែភាពសោកនាដកម្មសំរាប់ជាតិ និងប្រជាជនមែនឬ?

ខាងក្រោមនេះ ខ្ញុំសូមលើកយកជាឧទាហរណ៍ ជាក់សែ្តងសំរាប់ប្រទេសអាស៉ីចំនួន៣​ ដែលអនុវត្តន៍លទិ្ធប្រជាធិបតេយ្យ យ៉ាងចំណាស់រួមមានប្រទេសជប៉ុន​ សិង្ហបុរី​ និងប្រទេសម៉ាឡេស៊ី ក្រោយពីបានបញ្ចប់សង្គ្រាម ប្រទេសទាំងនេះខិតខំរៀបចំ​ លទិ្ធប្រជាធិបតេយ្យ តាមវប្បធម៌​ ប្រពៃណី​ សាសនា​ និងមូលដ្ឋានសង្គម និងប្រជាជនជាក់ស្តែងរបស់ខ្លួន។​ ប្រទេសទាំង៣នេះ​ មានគណបក្សតែមួយ កាន់អំណាចជាប់ៗគ្នាអស់រយៈពេលជាង៥៥ ទៅជាង៦០ឆ្នាំ​ ចាប់តាំងទសវត្ស៥០មក។

១៖​ ប្រទេស Singapore គណបក្សសកម្មភាពប្រជាជន ​(People Action Party = PAP) គណបក្ស PAP នេះ បានដឹកនាំប្រទេសសិង្ហបុរីជាង​៦២ឆ្នាំជាប់ៗគ្នា​ ហើយបាននាំប្រទេស និងជាតិសាសន៍នេះជោគជ័យ និងល្បីល្បាញខាងសេដ្ឋកិច្ច​ អប់រំ​ សុខាភិបាល​ និងគុណភាពច្បាប់យុតិ្តធម៌ សង្គមយ៉ាងល្អប្រសើរ លើផែនដីយើងនេះ។

២៖​ ប្រទេសម៉ាឡេស៉ី​ (Malaysia) មានគណបក្ស​សហពន្ធ័ជាតិម៉ាឡេ​ (United Malay National Organization = UMNO) ​គណបក្ស​ UMNO នេះ​បានដឹកនាំប្រទេស និងប្រជាជនម៉ាឡេស៉ីជាង៦៣ឆ្នាំជាប់ៗគ្នា​ និងនៅតែបន្តដឹកនាំប្រទេសអាស៊ានមួយនេះ​ ឲ្យក្លាយជាខ្លាសេដ្ឋកិច្ច និងប្រជាធិបតេយ្យយ៉ាងរឹងមាំ​ និងខ្លាំងក្លាបំផុត។

៣៖ ប្រទេសជប៉ុន​៖​ មានគណបក្សប្រជាធិបតេយ្យសេរី​ (Democratic Liberal Party = DLP) គណបក្ស DLP នេះបានដឹកនាំប្រទេសជប៉ុនជាង៥៤ឆ្នាំជាប់គ្នា​ គណបក្សប្រឆាំង មានឱកាសដឹកនាំរយៈពេលខ្លីៗ​ បានត្រឹមតែនាំសេដ្ឋកិច្ចជប៉ុន ធ្លាក់ចុះយ៉ាងគំហក់ និងពិបាកជួសជុលប៉ុណ្ណោះ​។​

ផ្អែកតាមតថភាពជាក់សែ្តង នៃប្រទេសលទិ្ធប្រជាធិបតេយ្យ នៅអាស៉ីខាងកើត និងអាស៊ាននេះ​ មានន័យថា​ គណបក្សតែមួយកាន់អំណាចយូរឆ្នាំ​ គ្មានមូលដ្ឋានណាថានាំប្រទេស និងជាតិសាសន៍ខ្លួន ដើរទៅរកឋាននរក និងសោកនាដកម្មនោះទេ​។ ផ្ទុយទៅវិញបានដឹកនាំប្រទេស និងប្រជាជន​ នាំមកនូវការរីកចំរើន និងអភិវឌ្ឍន៍ដ៍អស្ចារ្យ​ សំរាប់សង្គមជាតិរបស់ខ្លួន។​ ប្រទេសទាំងនេះ​ មានមេដឹកនាំគណបក្សតែមួយ ដឹកនាំអំណាចរយៈពេលវែងផងដែរ ដើម្បីធានាបាននិរន្តភាពសន្តិសុខ​ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គមជាតិរបស់ខ្លួន​។

តួរយ៉ាងប្រទេស សិង្ហបុរី អតីតៈនាយករដ្ឋមន្ត្រី​ លី​ ខ្វាន់យូ​ (Lee Kuan Yew) បានដឹកនាំប្រទេសជិត៥៦ឆ្នាំ​ ក្នុងនោះធ្វើជានាយករដ្ឋមន្ត្រីជិត៣២ឆ្នាំ​ (៣​ មិថុនា​ ១៩៥៩​ ដល់​ ថ្ងៃទី២៨​ វិចិ្ឆកា​ ១៩៩០​)​ និង​បន្តធ្វើគ្រូឲ្យនាយករដ្ឋមន្ត្រី​ (minister mentor) រហូតដល់ឆ្នាំ២០១១។​ បច្ចុប្បន្នលោក​នាយករដ្ឋមន្ត្រី​ លី​ ស៊ាងឡុង​ (Lee Hsieng Long) ដែលជាកូនប្រុសច្បងរបស់លោក លី​ ខ្វាន់យូ​ កំពុងបន្តដឹកនាំប្រទេសសិង្ហបុរី ជានាយករដ្ឋមន្ត្រីជិត១៤ឆ្នាំហើយ​ (ចាប់ពីឆ្នាំ២០០៤​ មកដល់បច្ចុប្បន្ន)​។

តើកម្ពុជាមិនអាចដើរស្រប នឹងគន្លងនិងគំរូរប្រទេសទាំង៣នេះបានទេឬ?​ សំខាន់មានគោលនយោបាយត្រឹមត្រូវ​ និងមានការដឹកនាំ ​និងការអនុវត្តន៍គោលនយោបាយ ប្រកបដោយឆន្ទះស្មោះត្រង់​ និងត្រឹមត្រូ​វ។​ មាគ៌ានេះបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយរាជរដ្ឋាភិបាល​ ដូចនេះក្តីសង្ឃឹមប្រកបដោយការជឿជាក់​ ជាមួយភាពរីកចំរើនរុងរឿង នៃព្រះរាជាណាចក្រនេះ បានទទួលជាបណ្តើរៗហើយ​ ដូចបានឃើញនឹងភ្នែកស្រាប់ហើយ៕