(រតនគិរី)៖ មន្ត្រីនគរបាលវរការពារព្រំដែនលេខ៦២៣ម្នាក់ នៅខេត្តរតនគិរី ត្រូវជនមិនស្គាល់មុខលួចបាញ់១គ្រាប់ បណ្តាលឲ្យរបួសធ្ងន់ ខណៈកំពុងដេកលើអង្រឹងនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ភ្លាមៗនគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកបរកែវ។
មន្រ្តីនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រម៉ាស ខ្វាង អាយុជិត៤០ឆ្នាំ ជនជាតិចារ៉ាយ ជាមន្ត្រីនគរបាលវរការពារព្រំដែនលេខ៦២៣ ត្រូវជនមិនស្គាល់មុខលួចបាញ់១គ្រាប់ចំងាយប្រហែល១៥ម៉ែត្រ។
សម្រាប់ជនល្មើសវិញ បន្ទាប់ពីធ្វើសកម្មភាពរួច ស្រាប់តែរត់គេចខ្លួនបាត់បន្សល់ កាទូសគ្រាប់អាកា១គ្រាប់។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលជំនាញកំពុងដុតដៃដុតជើងស្វែងរកជនល្មើស មកទទួលទោសតាមច្បាប់។
យ៉ាងណាក៏ដោយ ករណីខាងលើនេះ មិនទាន់ដឹងថា មកពីមូលហេតុអ្វីនៅឡើយទេ ពោលគឺរង់ចាំសាកសួរជនរងគ្រោះ និងចាប់ជនល្មើសបានសិន៕