(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កន្ទោក សហកាជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានធ្វើការចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនបានចំនួន៤នាក់ ដកហូតថ្នាំ៣កញ្ចប់ និងវត្ថុតាងជក់មួយចំនួន។

ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅចំណុចទីស្នាក់កាបុណ្យភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងដោយ លោក ម៉ន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក​ យឹម សារ៉ាន់ អធិការខណ្ឌ។

នាយប៉ុស្តិ៍នគរបាលកន្ទោកបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ទូច ពុធ អាយុ២៤ឆ្នាំ ស្នាក់ភូមិទួលសាម៉ សង្កាត់កំបូល ស្រុកកំណើត នៅភូមិពុកយ៊ុក​ ស្រុកស្ទឹងសែន ខេត្តកំពង់ធំទី២៖ ឈ្មោះ ម៉ៅ សុខម៉េង អាយុ១៨ឆ្នាំ រស់នៅភូមិគល់ សង្កាត់កន្ទោក ទី៣៖ ឈ្មោះ រឿន រ៉ាត់ អាយុ២២ឆ្នាំ ស្នាក់ភូមិព្រៃកោះ ឃុំវលិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៤៖ ឈ្មោះ នឿក រើន អាយុ១៧ឆ្នាំ ស្នាក់នៅភូមិវាល សង្កាត់កន្ទោក។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕