(វៀតណាម)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់ទៅមេដឹកនាំ ជាន់ខ្ពស់របស់វៀតណាមថា «កម្ពុជានៅជិតតំបន់ត្រីកោណមាស ធ្វើឱ្យឧក្រិដ្ឋជនគ្រឿងញៀន ប្រើ្របាស់ប្រទេសកម្ពុជាធ្វើជាទីកន្លែងឆ្លងកាត់ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ទៅកាន់ប្រទេសជិតខាង ប្រទេសដទៃទៀត និងប្រើប្រាស់មួយចំនួន នៅក្នុងប្រទេសកម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពប្រជាពលរដ្ឋ»។
លោកបានបញ្ជាក់ជូនទៀតថា «បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកំពុងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទូទាំងប្រទេសដែលក្នុងរយៈពេល៣ខែនេះ បានបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន២.៦៧៧ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៦.១៣២នាក់ និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានចំនួនជាង៣៦ គីឡូក្រាម»។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨-២១ តបការអញ្ជើញរបស់លោក វ៉ូ ឌឹកដាម ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ជម្ងឺអេដស៍ និងពេស្យាចារ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងដំណើរទស្សកិច្ចនេះ ឧប. កែ គឹមយ៉ាន បានជួបប្រជុំជាមួយលោក វ៉ូ ឌឹកដាម, ជួបពិភាក្សាការងារជាមួយលោក ដាំ សួនយុង រដ្ឋមន្រ្តីក្រសួងការងារ និងសង្គមកិច្ចវៀតណាម និងលោក តូ ឡាម រដ្ឋមន្រ្តីក្រសួងសនិ្តសុខសាធារណៈវៀតណាម ព្រមទាំងបានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលព្យាបាល អប់រំ និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនវៀតណាមផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្រ្តីវៀតណាម វ៉ូ ឌឹដាម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជម្រាបជូនភាគីវៀតណាមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាមចំពោះលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនជាមួយកម្ពុជាក្នុងរយៈពេលកន្លងមក។ ជាមួយនេះ ភាគីវៀតណាម ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលកន្លងមកបានសហការបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែនទទួលលទ្ធផលល្អប្រសើរ។
នៅក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពគ្នាដូចតទៅ៖
ទី១-ភាគីវៀតណាមនឹងជម្រុញការកសាងមជ្ឈមណ្ឌលជាតិស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម បានឯកភាពជាមួយថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសាងមជ្ឈមណ្ឌលនេះ។
ទី២-ភាគីទាំងពីរបន្តជម្រុញសកម្មភាពកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន ឱ្យបានខ្លាំងក្លាបន្ថែមទៀត និងរៀបចំកិច្ចប្រជុំប្តូរវេនគ្នាឱ្យបានទៀងទាត់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ជាពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត រវាងការិយាល័យ BLO នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀនឆ្លងកាត់ព្រំដែន។
ទី៣-ជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីកម្ពុជា លើការងារអនុវត្តច្បាប់ និងការងារព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
នៅក្នុងជំនួបនេះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានពំានាំនូវការសួរ សុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំវៀតណាម ហើយក៏បានអញ្ជើញ ឧបនាយករដ្ឋមន្រ្តីវៀតណាម មកទស្សនកិច្ចកម្ពុជាក្នុងឆ្នាំ២០១៧នេះផងដែរ៕