(សៀមរាប)៖ គណ:កម្មការគ្រឿងឧបករណ៍/បរិក្ខាវេជ្ជសាស្ត្រអាស៊ាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំលើកទី៤ "AMDC" (the 4th Asean Medical Device Committee) របស់ខ្លួននៅសៀមរាប នាសណ្ឋាគារ «សុខាអង្គរ» ក្រុងសៀមរាប សម្រាប់រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០១៧ ដែលមានការចូលរួមពីសមាជិក AMDC នៃប្រទេសអាស៊ានទាំង ១០ប្រទេស ។

ពិធីបើកកិច្ចប្រជុំនៅព្រឹកនេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនោះ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បាន លើកឡើងថា គណ:កម្មការគ្រឿងឧបករណ៍/បរិក្ខាវេជ្ជសាស្ត្រ អាស៊ាន បានបើកកិច្ចប្រជុំលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ចាប់តាំងពីការកកើតគណ:កម្មការនេះ នាឆ្នាំ២០០៤ ហើយបន្តបន្ទាប់មកគឺបានរៀបចំកិច្ចប្រជុំនេះជាទៀងទាត់ ដើម្បីត្រួតពិនិត្យ ឆ្លុះបញ្ចាំងលទ្ធផល ការប្រឈមនានា និងលើកទិសដៅអនុវត្តបន្ត ក្នុងការពង្រឹងគុណភាព និងស្ដង់ដារ នៃគ្រឿងឧបករណ៍/បរិក្ខាវេជ្ជសាស្ត្រ នៅតាមបណ្ដាប្រទេសអាស៊ាន ។

លោកស្រី បានបញ្ជាក់ថា «សម្រាប់ភាពសុខដុមរមណីយកម្ម ទាក់ទងនិងកិច្ចការទាំងនេះ គឺភាគីប្រទេសសមាជិកអាស៊ាន នឹងបន្តពង្រឹង រៀបចំ ធ្វើបច្ចុប្បន្នភាពគោលការណ៍, បទបញ្ជា, គោលនយោបាយ, និងច្បាប់ពាក់ព័ន្ធនានា ដើម្បីធានាឱ្យបាននូវគុណភាព និងប្រសិទ្ធិភាព ដែលជាផលវិជ្ជមាន សម្រាប់ការប្រើប្រាស់គ្រឿងឧបករណ៍/បរិក្ខាវេជ្ជសាស្ត្រនានា ប្រកបដោយគុណភាព, សុវត្ថិភាព, និងប្រសិទ្ធិភាពខ្ពស់ ទាំងកាផលិត និងការប្រើប្រាស់ នៅតាមបណ្ដាប្រទេសជាសមាជិក អាស៊ាន»