បើកបរមិនត្រូវស្ថិតក្នុងស្ថានភាពស្រវឹងជាដាច់ខាត! ស្លាប់៣នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ
20-04-2017 07:19
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាល៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង រថយន្ដធុនតូចចំនួន៣គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ១លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក និងប្រជែង១លើក។
សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួនលើក២៨០ បណ្ដាលឲ្យមនុស្សស្លាប់១៣៥នាក់ របួសធ្ងន់ចំនួន២៩១នាក់ និងរងរបួសស្រាលចំនួន២១២នាក់៕