(ភ្នំពេញ)៖ ស្របពេលរឿងដែលលោក ជុន ច័ន្ទបុត្រា ឬ ហួត វុទ្ធី អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរនៅកម្ពុជា បានបន្លំធ្វើជាសហការីរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពីរនាក់ គឺ ឡុង រី និង មូរ សុខហួរ ចូលទៅក្នុងបរិវេណ​នៃពន្ធនាគារព្រៃស ដើម្បីចូលជួបសួរសុខទុក្ខជនជាប់ឃុំ កំពុងតែផ្អើលពេញបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក, នារាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្ហាញនៅចំណុចមួយចំនួន ក្នុងក្របខណ្ឌរបបសារព័ត៌មាន ជូនដល់បងប្អូនអ្នកសារព័ត៌មាន។

លោក ហ៊ុយ វណ្ណៈ លើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរាត្រីថ្ងៃទី១៩ ខែមេសានេះថា «សូមអ្នកសារព័ត៌មានធ្វើអ្វីត្រូវបើកចំហរ កុំបន្លំខ្លួនដែលនាំដល់ខុសឆ្គងខាងសីលធម៌វិជ្ជាជីវៈ ឬខុសច្បាប់ ត្រូវបំពេញតួនាទីដោយសេចក្តីថ្លៃថ្នូរ ដោយសីលធម៌វិជ្ជាជីវៈព័ត៌មាន»

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដដែលរូបនោះបានរៀបរាប់ដោយបង្ហាញនូវចំណុចចំនួន៤ ដល់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖

«បងប្អូនអ្នកសារព័ត៌មាន! ការពិតធ្វើអ្វីក៏បានដែរ ក្នុងក្របខ័ណ្ឌរបបសារព័ត៌មាន ហើយធ្វើជាចំហរតែម្តង! ប៉ុន្តែសូមមេត្តា៖
១៖ កុំបន្លំខ្លួន ដែលនាំដល់ខុសឆ្គងខាងសីលធម៌វិជ្ជាជីវៈផង និងខុសច្បាប់ផង។ វាជារឿងគួរឲ្យខ្មាសខ្លួនឯងជាមុន។ កុំចង្អុលអ្នកដទៃ ត្រូវសម្អាតខ្លួនយើងជាប្រចាំ!

២៖ សូម្បីរបៀបធ្វើការ គេមើលឃើញថា «បន្លំ» ចុះទម្រាំខ្លឹមសារដែលអាចតាក់តែងបាន!? របៀបនេះ នឹងនាំដល់បាត់ជំនឿ និងធ្វើឲ្យស្រអាប់។

៣៖ ហើយបើបន្លំខ្លឹមសារ នោះវាកាន់តែគ្រោះថ្នាក់ ទាំងខាងមនសិការវិជ្ជាជីវៈ និងគ្រោះថ្នាក់ដល់ការសម្រេចចិត្តរបស់សង្គម។ ដំណឹងបង្កប់ការស្អប់ និងពិសពុល គឺគ្រោះថ្នាក់ណាស់!

៤៖ គួរមានវិធីវាងវៃជាងនេះ ក្នុងការបំពេញតួនាទីដោយថ្លៃថ្នូរ ដោយសីលធម៌ និងដោយស្មោះត្រង់ដើម្បីលើកកម្ពស់ការគិតវិជ្ជមាន»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹង នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា ចាប់ពីពេលនេះតទៅ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យតំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀត នោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។

ការអះអាងយ៉ាងដាច់ណាត់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។

លោក ខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ចដើម្បីនាំ លោក ជុន ច័ន្ទបុត្រ មេវិទ្យុអាស៊ីសេរី ចូលទៅពន្ធនាគារព្រៃស ដែលនេះគឺជាកំហុសសីលធម៌មួយ៕

ខាងក្រោមនេះជាបញ្ជីឈ្មោះ ហួត វុទ្ធី ដាក់ជាជំនួយការតំណាងរាស្រ្ត ឡុង រី និង មូរ សុខហួរ៖