(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ លោក ហាស់ សុធានី សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្រ្គោះជាតិ នៅខណ្ឌច្បារអំពៅ បានប្រកាសលាឈប់ពីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោកទទួលរងនូវភាពអយុត្តិធម៌ ក្នុងការទម្លាក់ លេខរៀងឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
នៅថ្ងៃទី១៩ ខែមេសានេះ លោក ហាស់ សុធានី បានផ្ញើលិខិតមួយជូន លោក ហ៊ន សំណាង ប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ខណ្ឌច្បារអំពៅ ដោយរៀបរាប់អំពីភាពអយុត្តិធម៌មកលើខ្លួន ដែលបណ្តាលមកពីបក្ខពួកនិយម ក្នុងការរៀបចំបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត នៅក្នុងមូលដ្ឋានរបស់គាត់។
នៅក្នុងលិខិតនោះ លោក ហាស់ សុធានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមជំរាប លោកប្រធាន មេត្តាជ្រាបថា ខ្ញុំបាទអាណត្តិ មុនមានលេខរៀងទី៣ ឥឡូវគេរៀបមកលេខរៀងទី១០ជាង។ ដោយមិនមានភាពយុត្តិធម៌ សម្រាប់រូបខ្ញុំទេ រៀបបញ្ជីលេខរៀងដោយ អត្តនោម័តដោយដាក់លេខជាង១០នេះ មិនសង្ឃឹមជាប់ ដោយយកអ្នកថ្មីដាក់ពីលើអ្នកចាស់ដោយទាត់ចោលអ្នកចាស់ យកអ្នកដែល ប្រជាពលរដ្ឋមិនស្គាល់មកឈរឈ្មោះជាបេក្ខជន ចៅរងពីគណបក្សសង្រ្គោះជាតិ ជាអ្នករៀបចំ។ ដោយធ្វើលួចលាក់មិនឱ្យសាមីខ្លួន គេដឹង។ អាស្រ័យដូចបានជំរាបជូនខាងលើ សូម លោកប្រធាន អនុញ្ញាត្តិឱ្យខ្ញុំលាឈប់ពីគណបក្សសង្រ្គោះជាតិ ដោយក្តីអនុគ្រោះ»។
លោក ហាស់ សុធានី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា លោកបានបម្រើ ការងារជាមួយគណបក្សប្រឆាំង អស់រយៈពេលជិត១៥ឆ្នាំមកហើយ ដោយខិតខំបម្រើការងារ យ៉ាងយកចិត្តទុកដាក់។ ប៉ុន្តែពេលនេះ លោកអស់ជំនឿលើគណបក្សសង្រ្គោះជាតិ ដោយសារតែបញ្ហាបក្ខពួកនិយម និងអំពើពុករលួយ ជាបន្តបន្ទាប់។
មួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ បានប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ នាគ្រាដែល គណបក្សប្រឆាំងមួយនេះ រៀបចំបេក្ខជនឈរឈ្មោះសម្រាប់ការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ពួកគេបានលើកឡើងថា ការរៀបចំនេះ មានការប្រកាន់បក្ខពួកនិយម និងអយុត្តិធម៌ ដោយទម្លាក់អ្នកចាស់ ដាក់អ្នកថ្មី ដែលពលរដ្ឋមូលដ្ឋានមិនស្គាល់៕