(ឡុងដ៏)៖ សភាអង់គ្លេស នៅថ្ងៃពុធនេះ បានយល់ព្រមអនុម័តហើយ លើគំរោងរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May ក្នុងការរៀបចំការបោះ ឆ្នោតសភាមុនអណត្តិនៅថ្ងៃទី០៨ ខែមិថុនាខាងមុខនេះ មុនត្រៀមខ្លួនស្វែងរកកិច្ចព្រមព្រៀមស្ដីពី Brexit ជាមួយសហភាពអឺរ៉ុប។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។

បន្ទាប់ពីជជែកដេញដោលគ្នាអស់ជាងមួយម៉ោងកន្លះ ក្រុមអ្នកតំណាងរាស្ត្រ បានបោះឆ្នោតអនុម័តគាំទ្រគំរោងរបស់លោកស្រី May ក្នុងសម្លេងគាំទ្រ ៥២២សម្លេងទល់នឹង១៣សម្លេង។ ទន្ទឹមគ្នានោះ ប្រធានគណបក្សពលករ លោក Jeremy Corbyn បានស្វាគមន៍ ចំពោះលទ្ធផលនេះ ក៏ប៉ុន្តែលោក បានចោទប្រកាន់ថា លោកស្រី May បានផ្លាស់ប្ដូរចិត្តលឿនពេក និងមិនបានគោរពតាមពាក្យ សន្យារបស់ខ្លួន ក្នុងដោះស្រាយបញ្ហាមួយចំនួន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោកស្រី Theresa May បានបង្កភាពភ្ញាក់ផ្អើល ដោយលោកស្រី បានប្រកាសពីគំរោងរៀបចំ ការបោះឆ្នោតសភាមុន អណត្តិ បើទោះជាលោកស្រីខ្លួនឯង ធ្លាប់បានលើកឡើងជាច្រើនដងថា រង់ចាំរហូតដល់ការបោះឆ្នោតបន្ទាប់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២០ ក៏ដោយ៕