(ភ្នំពេញ)៖ ស្ត្រីជនជាតិវៀតណាម និងខ្មែរ២នាក់ រកស៉ីជួញ ដូរគ្រឿងញៀន តែជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ ទួលសង្កែ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន រួមជាមួយថ្នាំញៀន៣កញ្ចប់ ។

បើតាមមន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម និងខ្មែរ២នាក់ ខាងលើនេះ បានធ្វើឡើងនៅម៉ោង ៥៖៣០នាទីព្រលប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចសំណង់ មិនរៀបរយជួរមាត់ទន្លេ ស្ថិតក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីកម្លាំងនគរបាលខណ្ឌ បានបន្តស៉ើបអង្កេត ដោយកំណត់បាន ទាំងពេលវេលា និងទីតាំង រួមនិងមុខសញ្ញា ដែលតែងតែលួចលាក់ធ្វើសកម្មភាព ចរាចរគ្រឿងញៀន រហូតឈានដល់បើកកិច្ច សហប្រតិបត្តិការ ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ដើម្បីចុះទៅបង្ក្រាបបានតែម្ដង ព្រមទាំងដកហូតបាន ក្រាមពណ៍សថ្លា ជាថ្នាំញៀន ចំនួន៣កញ្ចប់តូច រួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ជាស្ត្រីជនជាតិវៀតណាមមានឈ្មោះង្វៀង ធីហ៊្វែរ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ជនជាតិខ្មែរមានឈ្មោះឈូក សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះជនសង្ស័យ ទាំង២នាក់ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបាននាំមកសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕