(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅម៉ោងជាង៨៖០០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី និងញូហ្សេឡែនរយៈពេល២សប្តាហ៍។

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា អំឡុងមានវត្តមាននៅប្រទេសអូស្រ្តាលី និងញូហ្សេឡែន រយៈពេល២សប្តាហ៍នេះ លោក កឹម សុខា មិនបានជួបជាមួយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិនោះទេ។ លោកថ្លែងថា លោក កឹម សុខា មានវត្តមាននៅអូស្រ្តាលី និងញូហ្សេឡែន ចំណែក លោក សម រង្ស៊ី កំពុងស្នាក់នៅឯប្រទេសបារាំង។

ទោះជាយ៉ាងណា លោក​ កឹម សុខា ប្រធានគណបក្សប្រឆាំង ក៏នឹងមានគម្រោងទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកថែមទៀត ដើម្បីជួបជុំជាមួយ សកម្មជន គណបក្សសង្រ្គោះជាតិ នៅចុងខែនេះ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រឆាំង។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលទើបឡើងកាន់តំណែង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ដើម្បីទៅបំពេញ ទស្សនកិច្ចនៅប្រទេសញូហ្សេឡែន និងប្រទេសអូស្រ្តាលី រយៈពេល២សប្តាហ៍។ នេះគឺជាការបំពេញទស្សនកិច្ច រយៈពេលវែង ជាលើកដំបូងហើយរបស់ លោក កឹម សុខា ចាប់តាំងពីលោក មានរឿងអាស្រូវជាមួយ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំមក៕