(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកវគ្គបណ្ដុះបណ្ដាលមន្រ្តី និងគ្រូបង្ហាត់របស់ខ្លួនចំនួន ៣ថ្ងៃ ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ។
គ.ជ.ប បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅថ្ងៃទី២០-២១-២២ ខែមេសា ឆ្នាំ២០១៧ នៅទីស្នាក់ការ គ.ជ.ប ហើយការប្រកាសបើកវគ្គ នឹងធ្វើឡើងក្រោមវត្តមានលោក ម៉ុក ដារ៉ា អគ្គលេខាធិការង គ.ជ.ប។
សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះហើយ ពោលនៅសល់ ៤៧ថ្ងៃទៀតប៉ុណ្ណោះ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន១២ បានចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពជាង ៩ពាន់នាក់៕