(ភ្នំពេញ)៖ កង្វល់របស់ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅ រឿងលោកស្រី ស៊ុយ សុផាន និងលោក ហេង លី បង្ខាំងផ្លូវមិនឲ្យធ្វើដំណើរអស់ជាច្រើនឆ្នាំមកហើយនោះ ទីបំផុតពន្លឺយុត្តិធម៌បានរកឃើញហើយ។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យលោកស្រីឧកញ៉ា ស៊ុយ សុផាន នាយិការក្រុមហ៊ុន ផាន អីម៉ិច និងលោកឧកញ៉ា ហេង លី នាយកក្រុមហ៊ុន ហេងលី បើកផ្លួវមួយខ្សែតាមមាត់ទន្លេបាសាក់ ក្នុងខណ្ឌច្បាអំពៅនេះ ឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។
តាមរយៈលិខិតផ្ញើជូនលោកស្រី ស៊ុយ សុផាន និងលោក ហេង លី កាលពីថ្ងៃទី១៨ ខែមេសា ដែល Fresh News ទើបទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានគួសបញ្ជាក់ថា មន្ត្រីជំនាញរបស់ក្រសួង ពិតជាបានរកឃើញមានផ្លូវលំលេខ៣៦៩ ប្របដងទន្លេបាសាក់ ឆ្ពោះទៅផ្លូវជាតិលេខ១ ដោយកាត់ភូមិចំពុះក្អែក សង្កាត់ព្រែថ្មី ភូមិអូរអណ្ដូង សង្ដាត់ព្រែកប្រា និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋបានប្រើប្រាស់តាំងពីដើមមក។
លោកទេសរដ្ឋមន្រ្តីបានគួសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន ផាន អ៊ីម៉ិច និងក្រុមហ៊ុន ហេង លី ពិតជាបានកាយផ្ដាច់ និងសង់របងបិទផ្លួវលំសាធារណៈនេះ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរពិតប្រាកដមែន ។
ជាមួយនឹងការរកឃើញការពិតនេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យលោកស្រី ស៊ុយ សុផាន និងលោក ហេង លី បើកផ្លូវនេះឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។ លោកទេសរដ្ឋមន្រ្តី ដែលកំពុងល្បាយល្បីក្នុងការដោះស្រាយជម្លោះដីធ្លី រូបនេះ បានបញ្ជាក់ដូច្នោះ «ដើម្បីបម្រើប្រយោជន៍សាធារណៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើឲ្យក្រុមហ៊ុនទាំង២ ធ្វើការតភ្ជាប់ និងបើកផ្លូវសាធារណៈនោះ ដោយរក្សាទទឹងផ្លូវ ១៦ម៉ែត្រ ដើម្បីប្រជាពលរដ្ឋានិងសាធារណៈទូទៅ បានប្រើប្រាស់ជាធម្មតាឡើងវិញ»។
សូមបញ្ជាក់ក្រោយឡើងគ្រងតំណែងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ២០១៦មកនោះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមអ្នកមានក្នុងរាជធានីភ្នំពេញ បានជាច្រើនករណី។ ការស្វែងរកពន្លឺយុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីជាច្រើនករណីនេះ បានធ្វើឲ្យលោក ជា សុផារ៉ា ទទួលបានការកោតសរសើរ និងពេញចិត្តខ្លាំងពីប្រជាពលរដ្ឋ៕