(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បង្ក្រាបជនជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និងម៉ូតូ១គ្រឿង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងក្រុមទី៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លោកឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ករណីបង្ក្រាបជនជួញដូរគ្រឿងញៀននេះ បានធ្វើឡើងបន្ទាប់ពីកម្លាំង នគរបាលខណ្ឌ បានបន្តស៊ើបអង្កេត ហើយកំណត់បានមុខសញ្ញា ទើបមកដល់រសៀលថ្ងៃនេះ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ដើម្បីបើកកិច្ចសហប្រតិបត្តិការ ឈានទៅបង្ក្រាបបានតែម្ដង ដោយដកហូតបានថ្នាំញៀនចំនួន២០កញ្ចប់តូច និងមួយកញ្ចប់ធំ រួមជាមួយម៉ូតូ១គ្រឿង ម៉ាកសង់ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-0040 ដែលជាមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យ ដើម្បីចរាចរគ្រឿងញៀន រួម និងដកហូតបានប្រាក់រៀលមួយចំនួនផងដែរ។

លោកបន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមានឈ្មោះសេង កិត្យា អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយបង្ក្រាបជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវនាំមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕