Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរស់នៅក្បែរជើងភ្នំ ខេត្តបន្ទាយមានជ័យ រិះគន់ទៅលើការដ្ឋានផលិតថ្មក្រុមហ៊ុន «សិលាភ្នំរូង» បំផ្ទុះថ្មភ្នំបង្កឲ្យប៉ះពាល់​សុខភាព, អាជ្ញាធរ និងមន្ត្រីជំនាញថា គ្មានអ្វីប៉ះពាល់ឡើយ

19-04-2017 18:40

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំ ស្ថិតក្នុងភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរិះគន់ទៅលើការដ្ឋាន ផលិតថ្មក្រុមហ៊ុន «សិលាភ្នំរូង» BMCCC Co-Ltd បានបំផ្ទុះថ្មភ្នំបង្កឲ្យប៉ះពាល់សុខភាព និងបំផ្លាញទ្រព្យសម្បត្តិ ផ្លូវថ្នល់ ផ្លូវលំ ផ្លូវជាតិ ប៉ុន្ដែខាងក្រុមហ៊ុនឆ្លើយថា បញ្ហាប្រេះស្រាំនោះ គឺការកសាងផ្ទះគ្មានបច្ចេកទេស ខណៈអាជ្ញាធរស្រុក និងមន្ត្រីជំនាញថា គ្មានបញ្ហាអ្វីនោះឡើយ ព្រោះជាសិទ្ធិរបស់ម្ចាស់ការដ្ឋាន និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះថា នៅពេលក្រុមហ៊ុនខាងលើនេះ ធ្វើសកម្មភាពបំផ្ទុះថ្មភ្នំម្តងៗ គឺបង្កឲ្យរំញោជ (ញ័រ)បណ្ដាលឲ្យផ្ទះពួកគាត់ បង្កឲ្យមានការប្រេះស្រាំ ជញ្ជាំងផ្ទះថ្ម កញ្ចក់ផ្ទះ សសរផ្ទះថ្ម ខូចខាត តែខាងក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ។

ពួកគាត់បានបន្តទៀតថា ចំណែករថយន្តដឹកថ្មគ្រួសវិញ គឺដឹកទាំងថ្ងៃ ទាំងយប់ ហុយដី ធ្វើឲ្យប៉ះពាល់ដល់សុខភាព ផ្លូវដង្ហើម ជាពិសេសនោះ រំខាន់ឲ្យពួកគាត់ទទួលដំណេក មិនបានស្ងប់ស្ងល់ឡើយ ព្រោះតែរំខាងសម្លេង រថយន្តរបស់ក្រុមហ៊ុនខាងលើនេះ។

តំណាងក្រុមហ៊ុនខាងលើនេះ បានឆ្លើយប្រាប់ថា​ «ការប្រេះស្រាំផ្ទះនោះ គឺបណ្តាលមកពីផ្ទះគាត់ សាងសង់គ្មានបច្ចេសទេសឲ្យបានត្រឹមត្រូវ បើមិនជឿទេចូលមកមើលកន្លែង Office ខ្ញុំនៅក្បែរ និងជាប់កន្លែងបំផ្ទុះមិនមានការប្រេះស្រាំនោះទេ។ ក្រុមហ៊ុនខ្ញុំមានច្បាប់ត្រឹមត្រូវ មិនដែលបង្កប៉ះពាល់អារម្មណ៍ដល់ប្រជាពលរដ្ឋឡើយ»។

ដោយឡែកលោក ឯម សុខា អភិបាលស្រុកម៉ាឡៃ និងលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឆ្លើយបំភ្លឺស្រដៀងគ្នាដូច្នោះថា ក្រុមខាងលើនេះ គេមានច្បាប់ត្រឹមត្រូវ ចំណែកការប៉ះពាល់ និងការរំខាន គឺដូចជាមិនមាននោះឡើយ ព្រោះយើងបានចុះទៅត្រួតពិនិត្យអស់ហើយ៕