(ក្រចេះ)៖ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១០ម៉ឺននាក់ បានមកចូលលេងកំសាន្តនៅរម្មណីយដ្ឋានជាង១០កន្លែង ក្នុងខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពីលោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។
លោក រុន ភារ៉ា ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងនោះរម្មណីយដ្ឋានដែលពេញនិយមជាងគេ មានភ្ញៀវចូល ទៅកំសាន្តច្រើនជាងគេ គឺរម្មណីយដ្ឋាន «ទឹកជូទន្លេមេគង្គកាំពី» ដែលជារម្មណីយដ្ឋាន ធម្មជាតិដ៏ស្រស់ ស្អាតបំផុត តាមបណ្ដោយទន្លេមេគង្គ ខេត្តក្រចេះ។
លោក រុន ភារ៉ា បានបន្ថែមថា រម្មណីយដ្ឋានទាំងកែច្នៃ និងធម្មជាតិមានចំនួន១១កន្លែង ហើយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានសរុបចំនួន១០៤៨៩០នាក់ ប្រៀបធៀប និងឆ្នាំមុន២០១៦ មានចំនួន១០៣៥៣៣នាក់ កើនឡើងចំនួន១៣៥៧នាក់ ស្មើរនិង១.៣១%។
ក្នុងនោះរម្មណីយដ្ឋាន «ទឹកជូទន្លេមេគង្គកាំពី» មានភ្ញៀវទេសចរច្រើនជាងគេ មានចំនួនភ្ញៀវទេសចរដល់ទៅ ៤៦៥៤នាក់, រម្មណីយដ្ឋាន «អន្លង់ផ្សោត» មានចំនួន២៦១នាក់, រម្មណីយដ្ឋាន «សួនស្នេហ៍ថ្មបាំង» មានចំនួន១៥១នាក់, រម្មណីយដ្ឋាន «វត្តវិហារសសរ១០០» មានចំនួន១៥៣០នាក់, រម្មណីយដ្ឋាន «សហគមន៍កោះទ្រង់» មានចំនួន១៣៣០០នាក់, រម្មណីយដ្ឋាន «កោះសុក្រម» មានចនួន៧៣៦នាក់, រម្មណីយដ្ឋាន «ភ្នំសំបុក» មានចំនួន៣០០នាក់, រម្មណីយដ្ឋាន «តាព្រហ្ម» មានចំនួន១១០០នាក់, រម្មណីយដ្ឋាន «សហគមន៍កោះផ្តៅ» មានចំនួន១៥០នាក់, រម្មណីយដ្ឋាន «សុពណ៌កាឡី» មានចំនួន៧៥០នាក់ និងតំបន់ទំនប់ជីវឿនមានចំនួន១២៥៦នាក់។
ភ្ញៀវទេសចរបានឲ្យដឹងថា បណ្តារម្មណីយដ្ឋានទាំងនោះ ពលរដ្ឋបានទទួលស្វាគមន៍រាក់ទាក់ និងបំរើសេវាទេសចរណ៍ យ៉ាងយកចិត្តទុក ដាក់ប្រកបដោយក្រមសីលធម៌ច្បាស់លាស់ផងដែរ។ ជាមួយនិងអត្រាភ្ញៀវចូលមកទស្សនាកំសាន្ត តាមតំបន់រម្មណីយដ្ឋាននានា ទូទាំងខេត្តនោះដែរ ភ្ញៀវទេសចរដែលបានទៅកំសាន្ត នៅព្រែកកាំពី និងសហគមន៍ឆ្នេរខ្សាច់ កោះទ្រង់ បានសម្តែងនៅការពេញចិត្ត និងសប្បាយរីករាយជាខ្លាំង ដោយបានកោតសសើរចំពោះស្នាមញញឹម និងភាពរួសរាយរាក់ទាក់ របស់បងប្អូនអ្នកបំរើសេវាកម្ម ក៏ដូចជាសម្តីឥរិយាបទរបស់ពលរដ្ឋ នៅមូលដ្ឋាននោះផ្ទាល់។
លោកប្រធានមន្ទីរទេសចរណ៍ បញ្ជាក់ទៀតថា ចំពោះភ្ញៀវទេសចរអន្ដរជាតិ មានចំនួន៤៣០កើនឡើង ចំនួន១៧៣នាក់ ស្មើរនឹង៦៧.៣១% និងភ្ញៀវទេសចរ ដែលនៅសណ្ឋាគារ និងផ្ទះសំណាក់មានចំនួន៧០៦៣នាក់៕