(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានចុះហត្ថលេខាជាផ្លូវការ ក្នុងនាមជាដៃគូផ្លូវការ និងជាម្ចាស់ឧបត្ថម្ភនាំមុខគេ សម្រាប់ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩ ដែលព្រឹត្តិការណ៍នេះ ចាប់បើកជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ តទៅ នៅរាជធានីកូឡាឡាំពួរ សហព័ន្ធម៉ាឡេស៊ី។
ការចុះហត្ថលេខារបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ក្នុងឋានៈជាម្ចាស់ឧបត្ថម្ភកម្រិតមាស ក្រុមហ៊ុន AirAsia នឹងផ្ដល់ជូនការដឹកមន្ត្រីគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡា នៅប្រទេសម៉ាឡេស៊ី (MASOC) ដែលស្ថិតក្នុងបណ្ដាញហោះហើររបស់ខ្លួន ពីបណ្ដាប្រទេសតំបន់អាស៊ាន ក្នុងគោលបំណងរៀបចំដំណើរការ នៃការប្រកួតកីឡាទាំងនោះ។
នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក Tony Fernandes បានថ្លែងយ៉ាងដូច្នេះថា «AirAsia មានមោទនភាពណាស់ ក្នុងការបម្រើការហោះហើរ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម, ក្នុងនាមអាកាសចរណ៍ចេញពីអាស៊ាន យើងខ្ញុំបានគាំទ្រទាំងស្រុងអស់ពីចិត្ត ចំពោះព្រឹត្តិការណ៍ជួបកួតប្រជែងសមត្ថភាពដ៏ធំបំផុត របស់កំពូលអត្តពលិក និងអត្តពលិកពិការប្រចាំតំបន់មួយនេះ។
ការប្រកួតកីឡាជាឧទាហរណ៍ដ៏ល្អមួយ នូវអ្វីដែលតំបន់នេះសម្រេចបាន ហើយក្រុមហ៊ុនមានចិត្តរំភើបរីករាយ ដែលមានឱកាសនេះ ដើម្បីជំរុញការផ្សព្វផ្សាយនូវចក្ខុវិស័យតែមួយដូចគ្នា តាមរយៈការបង្កើនទំនាក់ទំនងកាន់តែធំឡើងៗ។
នេះក៏ជាសញ្ញានៃការចាប់ផ្ដើមដ៏ជ្រាលជ្រៅមួយ ការផ្សារភ្ជាប់គ្នាកាន់តែមានអត្ថន័យធំធេង នៅក្នុងសហគមន៍កីឡា តាមរយៈទស្សនៈរបស់ខ្លួន គឺហ៊ានប្រែសុបិន្តទៅជាការពិត ដែល AirAsia នឹងជួយដល់ដល់អត្តពលិក ដែលមានសក្ដានុពលមកពីតំបន់អាស៊ាន និងឆ្ងាយជាងនេះ ដើម្បីធ្វើឱ្យវាក្លាយជាការពិត ចំពោះសក្ដានុពលរបស់ពួកគេ។
លោក YB Brig Gen Khairy Jamaluddin ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា «ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះការប្ដេជ្ញាបន្តរបស់ AirAsia និងឆន្ទៈក្នុងការជួយដល់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងថ្នាក់តំបន់។ នេះបង្ហាញឱ្យឃើញថា AirAsia បានសម្រេចចិត្ត និងប្ដេជ្ញាក្នុងការផ្ដល់ជូនសហគមន៍ តាមរយៈកីឡា ហើយខ្ញុំពិតជាអបអរសាទរខ្លាំងណាស់ ចំពោះសកម្មភាពនេះ»។
ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុត ក្នុងតំបន់អាស៊ាន ក្នុងបំណងជំរុញការផ្សព្វផ្សាយ ការស្វែងយល់គ្នា និងកិច្ចសហការក្នុងចំណោមបណ្ដាប្រទេសក្នុងតំបន់ តាមរយៈការប្រកួតប្រជែងមិត្តភាព។
កីឡាប្រមាណ៣៨ប្រភេទ និងចំនួនសរុប ៤០៥វិញ្ញាសា នឹងត្រូវប្រកួតសម្រាប់ស៊ីហ្គេមឆ្នាំនេះ ដោយមានការចូលរួមពី អត្តពលិកទាំង១០ប្រទេស ចាប់ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយពិធីបញ្ចប់បិទការប្រកួត ត្រូវនឹងថ្ងៃបុណ្យឯករាជ្យជាតិ លើកទី៦០ របស់ប្រទេសម៉ាឡេស៊ី ផងដែរ។
ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ នឹងនាំមកនូវអត្តពលិកពិការច្រើនផ្នែក ដូចជា ពិការភាពផ្នែកខួរក្បាល ពិការភាពផ្នែក ពិបាកធ្វើដំណើរ ពិការភាពដោយភ្នែកពិបាកមើល និងអត្តពលិកដែលបាត់បង់អវយវៈជាដើម។ ពួកគេមកពី១១ប្រទេស ប្រកួតនៅលើទីលានទំហំតូចៗ ដើម្បីស្វែងរកមេដាយ សម្រាប់កីឡាប៉ារ៉ាទាំង១៦ប្រភេទ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាលើកទី៦ សម្រាប់ម៉ាឡេស៊ី ក្នុងការរៀបចំកីឡាក្នុងឋានៈជាម្ចាស់ផ្ទះ ហើយវាក៏ជាលើកទី៣ ផងដែរ សម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេម។ សម្រាប់ឆ្នាំ២០១៧ ក្រុងកូឡាឡាំពួរ ជាលើកដំបូង ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម បន្ទាប់ពីការលេចជារូបរាង នូវសហគមន៍អាស៊ាន ពីឆ្នាំ២០១៥ បន្ទាប់ពីការពិចារណាដ៏វែងឆ្ងាយ ក្នុងការអនុវត្តន៍ទស្សនៈ «រីកចម្រើនជាមួយគ្នា»៕