(កំពង់ធំ)៖ ធ្វើដំណើរតាមបណ្ដោយដងស្ទឹងស្ទោង នៅខាងលិចសាលាបឋមសិក្សាព្រែកជីកបន្តិច គេនឹងឆ្លងកាត់ស្ពាន ដ៏ចំណាស់មួយ ដែលអ្នកភូមិហៅថា «ស្ពានព្រែកជីក» ស្ថិតនៅភូមិកំពង់ប្រដំ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ខណៈកង់ម៉ូតូបើកកាត់ម្ដងៗ លាន់សម្លេងគ្ដូងគ្ដាំងរំពងលើស្ពានជរានេះ យោលអង្រួនអង្គីអង្គើ មើលទៅហាក់ដូចជាចង់រលំម្ដងៗ ដាស់អារម្មណ៍ភិតភ័យយ៉ាងម៉េចមិនដឹង។

បើមើលទៅបង្កាន់ដៃស្ពានព្រែកជីកដ៏ទុរគតនេះ ធ្លាក់បាក់ច្រង៉េងច្រង៉ាង ដាច់ដោចគ្មានអ្វីគួរឲ្យរឹងមាំបន្ដិតសោះ, បើឈ្ងោកទៅមើលរនាបស្ពានវិញ បាក់លេចប្រហោងមើលធ្លោះដល់បាតព្រែក ក្បាលដែកគោលលៀនសំញ៉ែងចេញច្រង៉ុយៗ សម្រួចចាំចាក់សំបកកង់ម៉ូតូ។ រីឯត្រង់ចំណុចឡើងលើស្ពាន និងចុះពីលើស្ពាននោះទៀតសោត សល់តែម្ខាងកន្លះជំហានៗជើងទេ ព្រោះដីថ្នល់ទាំងនោះ ត្រូវទឹករលកនារដូវវស្សា វាយបំបាក់ខ្ទិចគ្មានសល់។   

សុំមិនបញ្ចេញឈ្មោះ ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ស្ពានខាងលើ បានរៀបរាប់ថា ស្ពាននេះ បាក់បែកទ្រុឌទ្រោមជាយូរមកហើយ តែមិនឃើញមេឃុំ មេភូមិ ឬថ្នាក់លើណាម្នាក់ ធ្វើថ្មីជូនប្រជាពលរដ្ឋឲ្យសមរម្យវិញសោះ ទុកឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរពិបាកទៅពិបាកមក រាល់ពេលឆ្លងកាត់ម្ដងៗ ភិតភ័យយ៉ាងខ្លាំង។

ពលរដ្ឋដដែលបានបន្តថា ស្ពានព្រែកជីកនេះ ធ្លាប់មានអ្នកធ្លាក់ម៉ូតូ ធ្លាក់គោយន្តបង្កគ្រោះថ្នាក់ជាច្រើនដងមកហើយ តែឥឡូវគ្មានអ្នកណាហ៊ានបើក គោយន្តឆ្លងទៀតទេ ព្រោះគ្រោះថ្នាក់ច្រើនគ្នាមកហើយ។

ស្ថានភាពដ៏ពិបាកនេះ ពិតជាស្ដែងជាក់ច្បាស់ណាស់ ព្រោះខណៈនោះ គ្រប់រថយន្ត គោយន្ត រទេះគោក្របី និងត្រាក់ទ័រជាដើម មិនអាចបើកបរឆ្លងកាត់ស្ពាននេះបានទេ គឺត្រូវគេចទៅបើកបរចុះបាតព្រែកវិញ តែចរាចរណ៍នេះធ្វើបានសម្រាប់តែរដូវប្រាំងប៉ុណ្ណោះ។ បើនៅរដូវវស្សាទឹកឡើងជន់លិចវិញ គ្រប់យានជំនិះទាំងនោះ មិនអាចចរាចរណ៍បានទេ ព្រោះស្ពានក៏ចាស់ទឹកក៏លិច។

បើតាមពលរដ្ឋក្នុងភូមិកំពង់ប្រដំ បានទួញថ្ងូរថា កាលពីឆ្នាំ២០១២ កន្លងទៅ ពួកគាត់ជិតនឹងបានស្ពានថ្មីហើយ ព្រោះមានសប្បុរសជនមួយគ្រួសារ គេចង់សាងសង់ស្ពានថ្មីដែរ តែមេភូមិកំពង់ប្រដំ មេឃុំម្សាក្រង បែរជាទៅបញ្ចុះបញ្ចូល ក្នុងន័យបង្អាក់បំណងនេះទុកសិន ដោយអះអាងថា ចាំមន្រ្តីថ្នាក់លើរបស់ពួកគាត់ កសាងសាងសង់ជូន។ ក៏ប៉ុន្តែការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនគ្រួសារ និងអ្នកធ្វើដំណើរគ្រប់គ្នា ត្រូវចាំដល់ស្កក ដូចកាប់បំពង់ចាំត្រងទឹកសន្សើមយ៉ាងអញ្ចឹង រហូតដល់ឆ្នាំ២០១៧នេះហើយ នៅតែមិនទាន់ទទួលបានស្ពានថ្មីនៅឡើយ។

ទោះយ៉ាងណាប្រជាពលរដ្ឋ មិនមានសង្ឃឹមលើស្មារតីរបស់អាជ្ញាធរមូលដ្ឋាន តទៅទៀតឡើយ ទើបនាំគ្នាទទូចស្នើសុំតាមប្រព័ន្ធផ្សព្វផ្សាយ និងអំពាវនាវដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តកំពង់ធំ ប្រធានគណៈពង្រឹងមូលដ្ឋាន ក៏ដូចជាសប្បុរសជនជិតឆ្ងាយ ជួយចុះទៅពិនិត្យ និងជួយសាងសង់ស្ពានថ្មីមួយ ដើម្បីអនុគ្រោះដល់ប្រជាពលរដ្ឋធ្វើដំណើរទៅមក ឲ្យបានស្រួលបួល គ្មានការភិតភ័យដូចពេលបច្ចុប្បន្ន៕