(ភ្នំពេញ)៖ ឈ្មួញឈើឈ្មោះ ឆម វាសនា ដែលជាមេការកសុីកាប់ និងទិញឈើដឹកអោយមេរបស់ខ្លួន ឈ្មោះសុី ស ជាមេឈ្មួញ ធំមានផ្ទះនៅខេត្តកំពង់ស្ពឺនោះ ឥឡូវត្រូវសមត្ថកិច្ចចាប់ខ្លួន​បានហើយ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៏ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺបានថ្លែងប្រាប់អង្គភាពព័ត៌មាន FRESH NEWS តាមទូរស័ព្ឌនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃនេះថា កំលាំងរបស់លោកពិតជាឃាត់ខ្លួនឈ្មោះឆម វាសនា បានមែននៅមុននេះបន្តិច នៅឯស្រុកឱរ៉ាល់ ដោយការឃាត់ខ្លួននេះ គឺ យោងតាមដីការបស់លោកចៅក្រមតុលាការ ខេត្តកំពង់ស្ពឺ ដែលជាអ្នកកាន់សំណុំរឿងពាក់ព័ន្ធបទល្មើស ព្រៃឈើខាងលើ ហើយបច្ចុប្បន្នកំពុង បញ្ជូនមកកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តដើម្បីប្រគល់ទៅអោយចៅក្រម។

សូមបញ្ជាក់ថាឈ្មោះឆម វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺជាឈ្មួញប្រមូល ទិញឈើនៅក្នុងទឹកដីខេត្តពោធ៌សាត់ ដឹកយកមកអោយមេរបស់គេនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ សំរាប់នាំចេញទៅប្រទេសវៀតណាមតាមទឹកដីខេត្តកំពត និងខេត្តតាកែវ។

ចំណែកមេធំរបស់គេឈ្មោះសុី ស ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានសំណុំរឿងនៅក្នុងដៃតុលាការដែរនោះ នៅមិនទាន់ត្រូវឃាត់ខ្លួនបាននៅឡើយទេ៕

ឈ្មួញឈើ និងជាមេកាឈ្មោះឆម វាសនា ត្រូវចាប់ខ្លួន