(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រដ្ឋសភា លោក ឈាង វុន បានមើលឃើញថា គណបក្សសង្រ្គោះជាតិ បានបាត់បង់ការគំាទ្រយ៉ាងខ្លំាងពីសំណាក់ ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ពិសេសប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសអូស្រ្តាលី និងញ៉ូហ្សេលែន ទីដែលប្រធានគណបក្សប្រឆំាងទើបតែបញ្ចប់ដំណើរទស្សនកិច្ច។
មានការមើលឃើញថា ដំណើរទស្សនកិច្ចរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ទៅកាន់ប្រទេសទំាងពីរខាងលើនេះ នាពេលប៉ុន្មានថ្ងៃនេះ មិនទទួលបានការ គំាទ្រពីសំណាក់ពលរដ្ឋខ្មែរដែលរស់នៅទីនោះទេ។ លោក ឈាង វុន សមាជិកគណៈកម្មាធិការ អចន្រ្តៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិ ការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភា ផងនោះ បានលើកឡើងថា ការដែលគណបក្សប្រឆំាង បាត់បង់ការគំាទ្រពីសំណាក់ ពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ដោយសារតែគណបក្សនេះបានប្រើប្រាស់យុទ្ធសាស្រ្ត ភូតភរកុហក ពលរដ្ឋនាពេលកន្លងមក លុះដល់ការពិតបានលាតត្រដាង ពលរដ្ឋ ឈប់គំាទ្រ តែម្តង។
លោក ឈាង វុន បានបន្តថា កន្លងមកគណបក្សប្រឆំាងបានប្រើយុទ្ធសាស្រ្ត និយាយកុហក និយាយពីភាពអវិជ្ជមាន ផ្ទុយពីអ្វីដែលមាននៅក្នុងប្រទេស ដើម្បីកៀងគរថវិកា ពីប្រជាពលរដ្ឋ មកបម្រើផលប្រយោជន៍ខ្លួន ដូចជារឿងស្រីញី ជាដើម។ ប៉ុន្តែលុះដល់ពលរដ្ឋបានដឹង ដូចជាករណីបែកធ្លាយសារជាសំឡេង រវាងលោក កឹម សុខា និង ស្រីស្នេហ៍ឈ្មោះ នាងខុម ចាន់តារាទី ហៅស្រីមុំ ជាដើមមក បានធ្វើពលរដ្ឋអស់ជំនឿលើគណបក្សប្រឆំាងនេះតែម្តង។
លោក ឈាង វុន បានលើកឡើងទៀតថា កន្លងមកគណបក្សប្រឆំាងតែងតែលើករបៀបវារៈសុំដោះលែងសកម្មជនរបស់ខ្លួន ដែលកំពុងជាប់ឃុំ មកចរចាជាមួយគណបក្ស ប្រជាជនកម្ពុជា តែជាសាធារណៈ គណបក្សនេះតែងតែបដិសេធថាខ្លួនមិនបានលើកយករបៀបវារៈសុំដោះលែងសកម្មជនខ្លួននេះ មកចរចាទេ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៩ មេសានេះ ធាតុពិតត្រូវបានលាតត្រដាងចេញពីមាត់របស់មន្រ្តីរបស់ខ្លួនទៅវិញ។
លោកស្រី មូរ សុខហួរ ក្រោយបានចូលសួរសុខទុក្ខសកម្មជនរបស់ខ្លួន នៅក្នុងពន្ធគារព្រៃស បាននិយាយថា ការដោះលែងសកម្មជនរបស់ខ្លួន មិនអាចធ្វើឡើងតាម ការចរចានោះទេ មានតែការបោះឆ្នោត គឺក្នុងន័យថា នៅពេលគណបក្សខ្លួនជាប់ឆ្នោត ទើបអាចដោះលែងសកម្មជនរបស់ខ្លួន នៅក្រៅឃុំបាន។
លោក ឈាង វុន បានមើលឃើញថា គណបក្សប្រឆំាង បានកំពុងប្រើប្រាស់យុទ្ធសាស្រ្តភូតភរ ពលរដ្ឋផងនិងភូតភរសកម្មជនរបស់ខ្លួនឯងផង។ ការលើកឡើងរបស់ លោកស្រី មូរ សុខហួរ ដែលនិយាយថា ការដោះលែងសកម្មជនរបស់ខ្លួនមិនអាចធ្វើឡើងតាមរយៈការចរចាគឺមានន័យថាកន្លងមកគណបក្សប្រឆំាងបានព្យាយាម លើកយករបៀបវារៈដោះលែងសកម្មជន របស់ខ្លួន មកចរចាជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែគណបក្សប្រជាជនកម្ពុជា មិនអាចធ្វើបានពីព្រោះនោះជាការ រំលោភលើអំណាចតុលាការ។
លោក ឈាង វុន បានលើកឡើងទៀតថា នៅកម្ពុជាគ្មានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការទេ ដូច្នេះការចរចារដោះលែងអ្នកមានទោស គឺគណបក្សប្រជាជនកម្ពុជា មិនអាចធ្វើកើតឡើយ។ លោកបានថ្លែងថា សកម្មជនគណបក្សសង្រ្គោះជាតិ ទំាងអស់ដែលកំពុងជាប់ឃុំ សុទ្ធតែមានទោស ក្នុងរឿងព្រហ្មទណ្ឌដូចជាករណី ការប្រើប្រាស់អំពើហិង្សាក្បែរ អតីតទីលានប្រជាធិបតេយ្យ ការញុះញង់ឲ្យមានអំពើហិង្សា ចលាចលក្នុង សង្គម ជាដើម។
ជាមួយគ្នានេះ លោក ឈាង វុន បានលើកឡើងដែរថា ការអះអាងរបស់ លោកស្រី មូរ សុខហួរ ដែលនិយាយថា នៅពេលគណបក្សរបស់ខ្លួនឈ្នះឆ្នោត ទើបអាចដោះលែងសកម្មជនរបស់ខ្លួនបាន គឺជាសំដីមួយ ដែលបង្ហាញថា គណបក្សប្រឆំាងជាគណបក្សដែលមិនគោរពរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ច្បាស់ពីអំណាចកំពូលទំាងបីរបស់រដ្ឋ គឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ បើគណបក្សប្រឆំាងឈ្នះឆ្នោត ហើយដោះលែងអ្នកទោសនោះ គណបក្សនេះ មិនមែនជាគណបក្សគោរពច្បាប់ទេ៕