(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់លោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រាប់អ្នកសារព័ត៌មានថា មន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ឃុំ បានស្នើកុំឱ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ព្យាយាមជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយរឿងពួកគេនោះ, ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យ បក្សកាន់អំណាចថា នេះជារឿងត្រឹមត្រូវ និងយល់ដឹងអំពីច្បាប់ ជាងតំណាងរាស្រ្តរបស់ខ្លួន។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «បើនិយាយមែនទែនទៅ អ្នកជាប់ពិរុទ្ធភាពទាំងនោះ មានការយល់ដឹងអំពីច្បាប់ច្រើន ជាងតំណាងរាស្ត្រទៅទៀត ដោយចេះវិភាគថា រឿងណាជារឿងផ្លូវច្បាប់ រឿងណាជារឿងនយោបាយច្បាស់លាស់ មិនច្របូកច្របល់ដូចតំណាងរាស្ត្រឡើយ»។ លោកបានបន្ថែមថា «បើសាម៉ីជន យល់ថាដូច្នេះទៅហើយ មានអីត្រូវស្រពិចស្រពឹលទៀត គឺពិតជារឿង ផ្លូវច្បាប់ហើយ ហើយកំពុងស្ថិតក្នុងដៃតុលាការ មិនអាចយកការចរចាមកដោះស្រាយបានទេ ទុកឲ្យដំណើរការតាមនីតិ វិធីតុលាការ តាមផ្លូវច្បាប់ចុះ។ ជារឿងផ្លូវច្បាប់ មិនអាចក្រឡៃ ទៅជារឿងនយោបាយបានទេ កុំសង្ឃឹម»

ការលើកឡើងរបស់ លោក សុខ ឥសាន ធ្វើឡើងក្រោយពីលោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំ បានស្នើកុំឱ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ព្យាយាមជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយរឿងពួកគេឱ្យសោះ។ ពួកគេ មិនសង្ឃឹមថា មានដំណោះស្រាយអំពីការចរចានេះទេ។

លោកស្រី មូរ សុខហួរ បានលើកឡើងថា គណបក្សសង្រ្គោះជាតិ ក៏បានប្រកាសជំហរថា ខ្លួនត្រៀមខ្លួនសម្រាប់ ការបោះឆ្នោតខាងមុខនេះ ដោយមិនខ្វល់ អ្វីទាំងអស់សូម្បីការចរចា លើប្បធម៌សន្ទនា ហើយគណបក្សសង្រ្គោះជាតិ ក៏មិនឆ្លើយឆ្លង ជាមួយគណបក្សនយោបាយណាមួយឡើយ។លោកស្រី បញ្ជាក់យ៉ាងដូច្នេះថា «យើងជៀសមិនផុត ក្នុងការជជែកគ្នា រកដំណោះស្រាយទេ តែនៅ ពេលនេះគណបក្សត្រៀមខ្លួន គណបក្សមិនឆ្លើយមិនឆ្លង តែត្រៀមខ្លួនធ្វើការបោះឆ្នោតតែមួយគត់»

សូមជំរាបថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ លោក ឡុង រី អ្នកតំណាងរាស្រ្ដគណបក្សសង្គ្រោះជាតិ និងលោកស្រី មូរ សុខហួរ រួមទាំងសហការី ចំនួន០៣រូបទៀត បានចុះសួរសុខទុក្ខសកម្មជន របស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ។ ជនជាប់ឃុំទាំង១៦នាក់នោះ រួមមាន៖ លោក ហុង សុខហួរ, លោក អ៊ុ សំអាន, លោក មាជ សុវណ្ណារ៉ា  រួមទាំងសកម្មជន១៤នាក់ផ្សេងទៀត៕