(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា ច្បាប់ស្តីពីជលផល នឹងធ្វើវិសោធនកម្មចំនួន ៣មាត្រា ដើម្បីរឹតត្បិតការនេសាទដោយប្រើនរ៉ាវ និងចូលរួមការពារធនធានមច្ឆជាតិរបស់កម្ពុជាឲ្យបានកាន់តែល្អប្រសើរថែមទៀត។

ការថ្លែងបញ្ជាក់របស់លោក វេង សាខុន បានធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និង បង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក វេង សាខុន បានបញ្ជាក់ថា មាត្រាដែលនឹងធ្វើវិសោធនកម្មនេះ រួមមាន៖ មាត្រា៤១ ,៤២ និង៤៣។ លោក វេង សាខុន បានគូសបញ្ជាក់ថា ច្បាប់ស្តីពីជលផល ដែលបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ការកំណត់ប្រវែងនរ៉ាវ ដែលមានប្រវែងរហូតដល់ទៅ ៥០០ម៉ែត្រនោះ គឺវែងខ្លាំង។

បើតាមលោក វេង សាខុន ការធ្វើវិសោធនកម្ម នឹងមានការកំណត់ប្រវែងនរ៉ាវ ឲ្យខ្លីជាងមុន។ លោករដ្ឋមន្រ្តីបន្តថា សម្តេចក្រឡាហោម ស ខេង នឹងដឹកនាំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ជជែកពិភាក្សាគ្នាលំអិតនៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧ សប្តាហ៍ក្រោយនេះមុនដាក់ឆ្លងទៅគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យ និងពិភាក្សា។

លោករដ្ឋមន្រ្តីរំពឹងថា ការធ្វើវិសោធនកម្មទៅលើច្បាប់នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាធនធានមច្ឆជាតិ។ លោក វេង សាខុន ក៏បានគូសបញ្ជាក់ដែរថា បទល្មើសនេសាទនាពេលបច្ចុប្បន្ននៅតែកើតមានច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសតំបន់ផាត់សណ្តាយ។

សូមរំលឹកថា ច្បាប់ស្តីពីជលផលដែលបង្កើតឡើងនៅឆ្នាំ២០០៦នោះ គឺកំណត់ឲ្យប្រើនរ៉ាវសម្រាប់នេសាទដោយមានប្រវែងប្រមាណ ៥០០ម៉ែត្រ ហើយមានក្រឡាប្រមាណ ៤សង់ទីម៉ែត្រ។ តែបច្ចុប្បន្ននេះ អ្នកនេសាទ បានប្រើប្រវែងវែងៗ ហើយប្រក្រឡាញឹកខ្លាំង សូម្បីតែកូនត្រីតូចៗ ក៏មិនរួចខ្លួននោះដែរ។

បើតាមលោក វេង សាខុន នៅឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងបានបង្រ្កាបបទល្មើសបានចំនួន ៣,៦៥០ករណី បើធៀបឆ្នាំ២០១៥ មានការថយចុះ ៣២៤ករណី ក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន ៣០៩៦ករណី ពិន័យអន្តរការណ៍ ចំនួន ៣៨៥ករណី និងបញ្ជូនទៅតុលការ ១៦៩ករណី៕

ដោយឡែកចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប បានធ្វើការបង្រ្កាបបទល្មើសនេសាទបានចំនួន៧៣០លើក និងបញ្ជូនសំណុំរឿងទៅតុលាការចំនួន ១៩ករណី៕