(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា «ទោះប្រទេសជាតិគ្មានសង្គ្រាម កងទ័ពនៅតែពង្រឹងកម្លាំងគ្រប់ពេលវេលា ព្រោះមហិច្ឆតាឈ្លានពានរបស់បច្ចាមិត្ត មើលមិនឃើញនោះទេ»។
ការបញ្ជាក់ពីមេទ័ពជាន់ខ្ពស់របស់កម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខណៈនាយឧត្តមសេនីយ៍ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកក្រគរ ពាំនាំអំណោយលើកទឹកចិត្តជាច្រើន ជូនដល់កងទ័ពនៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលប្រចាំការនៅសមរភូមិក្រោយ មានទីតាំងស្ថិតនៅភ្នំបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពល បានឲ្យដឹងថា ក្នុងពេលចុះមកសួរសុខទុក្ខម្ដងៗ អគ្គិសនីកម្ពុជា តែងតែនាំយកស្បៀងអាហារ និងសម្ភារប្រើប្រាស់ មកជួយឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ១៤ និងកងទ័ពមិនដែលខានឡើយ ព្រមទាំងផ្ដល់នូវថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ចូលរួមកសាងទីបញ្ជាការផងដែរ ទាំងនេះសុទ្ធតែបានឆ្លុះបញ្ចាំងពីការយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ឲ្យកាន់តែមានភាពកក់ក្ដៅ និងជំរុញលើកទឹកចិត្តបន្ថែមទៀត ក្នុងការការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
លោកថា ក្នុងនាមកងទ័ព ដាច់ខាត់ត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារធនធានធម្មជាតិ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយសហការជាមួយអាជ្ញាធរដែនដី តាមសំណូមពរ និងបទបញ្ជាររបស់គណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងបានត្រៀមកម្លាំងអន្តរាគមន៍ តាមបណ្ដាទិសផ្សេងៗ និងចូលរួមការងារសង្គមឲ្យបានផុលផុស ហើយមិនបានធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់អាជ្ញាធរ និងប្រជាពលរដ្ឋនោះឡើយ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា បានឧបត្ថម្ភថវិកាដល់កងពលតូចអន្តរាគមន៍លេខ១៤ ចំនួន៥លានរៀល។ ដោយឡែក លោក កែវ រតនៈ បានឧបត្ថម្ភស្រាបៀរចំនួន ២៣០កេះ ទឹកក្រូច៦០កេះ ទឹកបរិសុទ្ធ៦០កេះ ត្រីខ៥០កេះ មី២០០កេះ ប៊ីចេង២០កេះ បារី១០០សុង ទឹកត្រី៩០យួរ ទឹកស៊ីអ៊ីវ៩០យួរ ប្រហុក១០០គីឡូក្រាម សាច់ក្រក១០០គីឡូក្រាម ត្រីងៀត១០០គីឡូក្រាម ស្កត្នោត១៥០គីឡូក្រាម កង់៥០គ្រឿង ម៉ូតូហុងដា១គ្រឿង ព្រមទាំងជូនថវិកាដល់កងទ័ពចំនួន ៨៦២នាក់ ក្នុងម្នាក់ៗ១០០ដុល្លារ និងបានរៀបចំអាហារសាមគ្គី ដោយមានតន្ត្រីរាំលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីផងដែរ៕