(ភ្នំពេញ)៖ មន្ត្រីតូចតាចនៅក្នុងស្រុកឱរ៉ាល់ បានលួចបង្ហើបប្រាប់នាយខ្វែក អោយដឹងថា បច្ចុប្បន្ននេះ ថ្វីត្បិតឈ្មួញឈើ ឈ្មោះសុី ស និងមេការបស់គេ ឈ្មោះវាសនា កំពុងមានសំណុំរឿងពាក់ព័ន្ធបទល្មើសព្រៃឈើ នៅក្នុងដៃតុលាការ រហូតដល់ទៅពីរខេត្ត ហើយកំពុងរត់គេចខ្លួនពីសមត្ថកិច្ចក៏ដោយ តែពួកគេនៅតែបញ្ជាអោយដៃជើង បក្ខពួក កូនចៅរបស់គេ រកសុីកាប់ ដឹកនិងទិញឈើយកទៅលក់ នៅប្រទេសវៀតណាមរាល់ថ្ងៃបានដដែរ។

មន្ត្រីតូចតាចដែលឈរជើង នៅក្នុងស្រុកឱរ៉ាល់បានលួចបង្ហើបអោយដឹងថា រាល់ថ្ងៃនេះ ឈ្មួញឈ្មោះសុី ស ដែលល្បីជាឈ្មួញរកសុីឈើ នាំយកទៅលក់នៅប្រទេសវៀតណាម ប្រចាំខេត្តកំពង់ស្ពឺនោះ នៅតែប្រើប្រាស់មេការបស់គេ ឈ្មោះវាសនា អោយធ្វើសកម្មភាពកាប់ និងទិញឈើនៅក្នុងទឹកដី ខេត្តពោធ៌សាត់ រួចហើយដឹកចូលមកស្រុកឱរ៉ាល់ ឆ្លងទៅខេត្តកំពតឬខេត្តតាកែវយកទៅលក់នៅប្រទេសវៀតណាមបានស្ទើរាល់យប់ដដែរ ដោយគេមិន បានឃើញសមត្ថកិច្ច ចាត់វិធានការបង្ក្រាបអ្វីឡើយ។

ដោយឡែកឈ្មួញឈើឈ្មោះជឿង ថេង ដែលជាឈ្មួញឈើល្បីល្បាញមួយរូបទៀតធ្លាប់ដឹកឈើធ្វើអោយបាក់ស្ពានម្ដង ជាពីរដងនោះ ក្រោមចំណាត់ការរបស់តុលាការរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនយកទៅឃុំរួចហើយ នៅមុនថ្ងៃចូលឆ្នាំខ្មែរថ្មីៗនេះ ពាក់ព័ន្ធបទ ល្មើសព្រៃឈើខាងលើ។

ប៉ុន្តែឈ្មួញឈើឈ្មោះសុី ស វិញ មានសំណុំរឿងបទល្មើសព្រៃឈើទាំងនៅក្នុងដៃតុលាការខេត្តកំពង់ស្ពឺ ទាំងនៅក្នុងដៃ តុលាការខេត្តពោធ៌សាត់ផង តែរហូតមកដល់ពេលនេះ ហាក់ដូចជាស្ងាត់ឈឹង ដែលជាដើមចមធ្វើអោយឈ្មួញឈើ ខាងលើបានឱកាសបញ្ជាកូនចៅតាមទូរស័ព្ទ រកសុីឈើបានដដែរ។

គេកំពុងរងចាំមើលចំណាត់ការរបស់តុលាការខេត្តកំពង់ស្ពឺ និងតុលាការខេត្តពោធ៌សាត់ ចាត់ការក្នុងសំណុំរឿងបទល្មើស​ព្រៃឈើពាក់ព័ន្ធជាមួយឈ្មួញឈើ ឈ្មោះសុី ស និងមេការឈ្មោះវាសនានេះលឿនដល់កំរិតណាហើយ។

ចំណែកមន្ត្រីសមត្ថកិច្ច​ អ្នកអនុវត្តច្បាប់បានអះអាងថាសំណុំរឿងនេះ ផុតពីដៃគេហើយ គេរងចាំមើលតែចំណាត់ការ របស់តុលាការប៉ុណ្ណោះ៕

ឈ្មោះសុី ស ជាឈ្មួញឈើល្បីនៅខេត្តកំពង់ស្ពឺ

ឈ្មោះវាសនា ជាមេការកសុីកាប់ និងទិញឈើអោយឈ្មោះសុី ស

ឈ្មួញឈើឈ្មោះជឿង ថេង ខណៈសមត្ថកិច្ចចាប់ខ្លួនតាមដីកានៅមុនចូលឆ្នាំខ្មែរថ្មីៗនេះ