Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ះពាល់សុខភាពខ្លាំងណាស់! សាច់មាន់ ឆ្អឹងមាន់...ខូចគុណភាពជិត១តោន ត្រូវមន្រ្តីកាំកុងត្រូល ស្ទាក់ចាប់បាន និងដុតកម្ទេចចោល

19-04-2017 15:46

(បន្ទាយមានជ័យ)៖ ពិតជាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានហូបសាច់មាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុង និងជង្គង់មាន់ខូចគុណភាពនាំចូលពីថៃ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីគយ និងនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានស្ទាក់ចាប់បានសាច់មាន់ ឆ្អឹងមាន់...ជិត១តោន ដែលឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងប្រាប់អង្គភាព Fresh News មន្រ្តីរបស់លោកក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន​ ស៊ីណាត បានចុះទៅស្ទាក់ចាប់បាននូវសាច់មាន់ ឆ្អឹងមាន់ ចុងស្លាបមាន់ គ្រឿងក្នុង និងជង្គង់មាន់ចំនួន៨២៥គីឡូក្រាម នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ហុង លៀង បានបញ្ជាក់ទៀតថា សម្រាប់សាច់មាន់ដែលខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីកាំកុងត្រូលរបស់លោក សហការជាមួយមន្រ្តីគយ និងនគរបាលអន្តោប្រវេសន៍ សហការគ្នាយកទៅដុតកម្ទេចចោលនៅក្នុងបរិវេណកាស៊ីណូផ្កាយ៥ នៅរសៀលថ្ងៃដដែលនេះ។

មន្រ្តីកាំកុងត្រូលបានអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យបញ្ឈប់ការនាំចូលរួមសាច់ បន្លែ និងផ្លែឈើ ព្រមទាំងទំនិញទាំងឡាយ ដែលខូចគុណភាព និងហួសដឺឡេ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋខ្មែររបស់យើង៕