(កំពង់ស្ពឺ)៖ លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឪរ៉ាល់ និងលោកស្រី នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ រួមជាមួយកម្លាំងសរុបក្នុងអង្គភាព បាននាំអំណោយមនុស្សធម៌ ជាថវិកា និងសម្ភារប្រើប្រាស់ទៅចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលកំពង់ជួបការលំបាក ក្នុងមូលដ្ឋានភូមិក្នុងអាយ-ភូមិរោងម៉ាស៊ី ក្នុងឃុំតសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការងារមនុស្សធម៌ជាច្រើន តាមអនុសាសន៍របស់លោកឧត្តម សេនីយ៍ត្រី ជូ សារុន មេបញ្ជាការកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃនេះ រូបលោកក្រុមការងារបានបន្តចុះជួយដល់គ្រួសារ បាត់សមាជិក គ្រួសារដោយឧបទ្ធហេតុផ្សេងៗ គ្រួសារសម្រាលកូនខ្លី គ្រួសារជួបការលំបាក។

លោកបន្ថែមទៀតថា ដោយតែមើលឃើញនៅសេចក្តីត្រូវការ ចាំបាច់ក្រុមការងារបាននាំថវិកា ក្នុងមួយគ្រួសារទទួលបានប្រាក់ ១៥ម៉ឺនរៀល ដើម្បីដោះទាល់ជីវភាព។

លោកបានបញ្ជាក់ថា បើទោះអំណោយទាំងនេះ មិនបានប៉ះប៉ូវនៅការខ្វះខាតក៏ដោយ តែអំណោយទាំងនេះ គ្រាន់បានសម្រួលទុក្ខ លំបាកប្រចាំថ្ងៃ សម្រាប់ក្រុមគ្រួសារដែលខ្វះខាតប្រចាំថ្ងៃដែរ ហើយនេះក៏ជាការរំលែកទុក្ខលំបាក ជូនដល់សមាជិកគ្រួសារ ដែលមានការលំបាកដែរ។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា បានលើកឡើងថា ការជួយបំនុកបំរ៉ុងចំពោះគ្រួសារដូចខាងលើ គឺបន្តជួយរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទ្រទ្រង់ចំពោះ ការខាតរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំតាសាលនេះ ដូច្នេះពេលមានទុក្ខលំបាកដូចបាន លើកឡើង គឺក្រុមការងារនិងចុះដល់មូលដ្ឋាន ដើម្បីជួយពួកគាត់ឲ្យទាន់ពេលវេលាផងដែរ។

សូមជម្រាបថា ថវិកាដែលបានចុះចែកជូនគ្រួសារបាត់បង់សមាជិកគ្រួសារ សម្រាលកូន និងជួបការលំបាកទាំង១៥គ្រួសារខាងលើនេះ ត្រូវចំណាយអស់ថវិកាចំនួន ២៥០,០០០០ រៀល បានមកពីសមាជិកក្រុមគ្រួសាររបស់លោកវរសេនីយ៍ទោ សោម ពុទ្ធតារានិងរួម ចំណែកដោយសទ្ធាជ្រះថ្លា ពីសមាជិកមន្ត្រីកងរាជអាវុធហត្ថក្នុងអង្គភាពផងដែរ៕