(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់សប្បុរសជន និងអ្នកវិនិយោគនានា ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ មានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា និងប្រជាពលរដ្ឋងាយរងគ្រោះដទៃទៀត ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបញ្ជ្រាបសកម្មភាពមនុស្សធម៌ នៅទូទាំងប្រទេសកម្ពុជា។  

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងបែបនេះក្នុងជំនួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនចំនួន៤ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងបន្តថា «អំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនកន្លងទៅ គឺបានបន្តចែកជូនផ្ទាល់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ មានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា និងប្រជាពលរដ្ឋងាយរងគ្រោះដទៃទៀត ប្រកបដោយប្រសិទ្ធភាព និងភាពជឿទុកចិត្ត»

ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (ថៃហ្គ័រ), ក្រុមហ៊ុន អកស៍ឡី វើដ៍ប្រីជ ខេមបូឌា, ក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈ បាកាស) និងក្រុមគ្រួសាររបស់លោកឧកញ៉ាបណ្ឌិត ជា រតនា។

នៅចំពោះមុខតំណាងក្រុមហ៊ុនទាំង៤ខាងលើ សម្ដេចប្រធានបានបន្តអំពាវនាវដល់សប្បុរសជន ក៏ដូចជាអ្នកវិនិយោគទុន​នានា សូមបន្តចូលរួមជួយដល់កាកបាទក្រហមកម្ពុជា ពិសេសជួយបន្តអំពាវនាវទៅដល់សប្បុរសជនផ្សេងទៀត ដើម្បីកៀរគរជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋាន ក្នុងការជួយដល់កាកបាទក្រហមកម្ពុជា បន្តសកម្មភាពរបស់ខ្លួន។

តម្រូវការសំខាន់របស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ន គឺតម្រូវការទឹក ដូចជាការជីកស្រះ ជីកអណ្ដូងទឹកជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ ដែលទាំងអស់នេះ ទាល់តែមានការចូលរួមពីសប្បុរសធម៌នានា។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តថា «កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមួយ ដែលជានិច្ចកាលបានទទួលថវិកា​សប្បុរសធម៌ពីសប្បុរសជន យកទៅធ្វើសកម្មភាពជួយប្រជាពលរដ្ឋ ប្រកបភាពទុកចិត្តពីសំណាក់សប្បុរសជន និងបានប្រើប្រាស់ថវិកាទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ពិសេសប្រើសម្រាប់ទិញសម្ភារៈ គ្រឿងឧបភោគ-បរិភោគផ្សេងៗ ដើម្បីជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេសផ្ទាល់ដៃផងដែរ»

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៨ ខែឧសភា កាកបាទក្រហមកម្ពុជា បានរៀបចំទិវាកាកបាទក្រហម ដើម្បីស្វែងរកនូវមូលនិធិសប្បុរសធម៌ ពីសប្បុរសជនជាតិ និងអន្តរជាតិ យកទៅបន្តជួយប្រជាពលរដ្ឋ។

ក្រុមហ៊ុនទាំង៤ខាងលើ បានបញ្ជាក់ថា ពួកគាត់បានឃើញផ្ទាល់នូវសកម្មភាពជាច្រើន របស់កាកបាទក្រហមកម្ពុជា និងផ្ដល់នូវសេចក្ដីជឿទុកចិត្ត ចំពោះសកម្មភាពទាំងនោះ។ តំណាងក្រុមហ៊ុនថែមទាំងសន្យាថា នឹងជួយឧបត្ថម្ភអំណោយមនុស្សធម៌បន្ថែមទៀត ព្រមទាំងជួយអំពាវនាវដល់សប្បុរសជននានា ឲ្យចូលរួមជួយឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា។

សម្ដេចប្រធានបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលតែងតែជួយជ្រោមជ្រែកដល់កាកបាទក្រហមកម្ពុជា ជាពិសេសការបន្តផ្ដល់នូវថវិកាមនុស្ស ដើម្បីបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព៕